នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កំពុងពិចារណាបញ្ជូនទាហានទៅកាន់កោះ Greenland ដើម្បីចូលរួមក្នុងសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្តណាតូ (NATO) ជាការសម្រេចមួយដែលនឹងត្រូវប្រឈមជាមួយការសងសឹកពីសហរដ្ឋអាមេរិក។

រដ្ឋាភិបាល បានរៀបចំផែនការឲ្យមានកងទ័ពកងកម្លាំងប្រដាប់អាវុធកាណាដាមួយចំនួនតូច ដើម្បីចូលរួមជាមួយកងទ័ពមកពីចក្រភពអង់គ្លេស បារាំង ដាណឺម៉ាក និងប្រទេសដទៃទៀត។ នេះបើយោងតាមបុគ្គលដែលដឹងពីបញ្ហានេះ ដោយបញ្ជាក់ពីរបាយការណ៍មុនរបស់ប្រព័ន្ធផ្សព្វផ្សាយ CBC News។
តែយ៉ាងណាក្ដី បើយោងតាមបុគ្គលនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាការពិភាក្សាសម្ងាត់ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធ ១០ភាគរយ ដោយបង្កើនដល់ ២៥ភាគរយ នៅក្នុងខែមិថុនា លើប្រទេសអឺរ៉ុបចំនួន៨ ដោយសារការនិយាយថា ពួកគេនឹងធ្វើសមយុទ្ធយោធារបស់អង្គការណាតូ (NATO) នៅកោះ Greenland៕

