អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ដែលត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក Donald Trump បានដកខ្លួនចេញពីការទាមទាររបស់ប្រធានាធិបតី ដែលតម្រូវឲ្យប្រទេសនានាបង់ប្រាក់ ១ពាន់លានដុល្លារ ដើម្បីទទួលបានភាពជាសមាជិកអចិន្ត្រៃយ៍។
លោក Blair បានបដិសេធមិនគាំទ្រសំណើឲ្យមានមូលនិធិនេះ ដែលជាផ្នែកមួយនៃសេចក្តីព្រាងធម្មនុញ្ញ សម្រាប់អង្គការដែលទើបកើតថ្មី ជាសញ្ញាបង្ហាញឲ្យឃើញទៀតថា សេចក្ដីលម្អិតនៃក្រុមប្រឹក្សាសន្តិភាព កំពុងបង្កឲ្យមានការប្រឆាំងពីសម្ព័ន្ធមិត្ត និងដៃគូអាមេរិក ជុំវិញគម្រោងរបស់លោក Trump។

កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមករា ឆ្នាំ២០២៦) អ្នកនាំពាក្យរបស់លោក Blair បាននិយាយថា លោកមិនពាក់ព័ន្ធនឹងការកំណត់សមាជិកភាពរបស់ក្រុមប្រឹក្សាភិបាលនេះទេ ដែលបង្ហាញថា លោកនឹងមិនគាំទ្រជាសាធារណៈ ចំពោះសំណើនេះឡើយ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បញ្ហា ពាក់ព័ន្ធនឹងថ្លៃសេវា ១ពាន់លានដុល្លារនេះ គួរតែត្រូវបានសួរទៅកាន់រដ្ឋបាលរបស់លោក Trump ដោយផ្ទាល់។
បើយោងតាមបុគ្គលដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា ប្រទេសមួយចំនួន ទំនងជានឹងបដិសេធមិនចូលរួមក្រុមប្រឹក្សាភិបាលនេះទេ ដោយសារតែលក្ខខណ្ឌរបស់លោក Trump។ ពួកគេបានបន្ថែមថា អ្នកផ្សេងទៀតអាចយល់ព្រមជាគោលការណ៍ ក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ ប៉ុន្តែបដិសេធមិនបង់ថ្លៃ សម្រាប់សមាជិកភាពអចិន្ត្រៃយ៍នោះឡើយ។ បុគ្គលទាំងនោះ បានសង្កត់ធ្ងន់ថា បន្ទាប់មក ពួកគេនឹងស្វែងរកការចរចាដកចេញ ឬចាកចេញពីក្រុមប្រឹក្សា ប្រសិនបើលោក Trump ទទូចពីគំនិតនេះ៕


