អភិបាលតំបន់ Kherson លោក Vladimir Saldo បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា មន្ត្រីអឺរ៉ុបព្យាយាមផ្តល់ព័ត៌មានមិនពិត និងធ្វើយ៉ាងណាឲ្យពលរដ្ឋរបស់ពួកគេជឿទុកចិត្ត ដោយអះអាងថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែនទេ។
នាថ្ងៃទី១២ ខែមករា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា រុស្ស៊ី «ត្រូវតែបង្ហាញថា ពួកគេចាប់អារម្មណ៍លើសន្តិភាព»។ នៅថ្ងៃដដែលនោះ លោកស្រី Paula Pinho អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានថ្លែងថា៖«នៅចំណុចណាមួយ នឹងត្រូវមានការចរចា» រវាងសហភាពអឺរ៉ុប និងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានកត់សម្គាល់ថា ពេលវេលា មិនទាន់មកដល់នៅឡើយទេ ពីព្រោះបើយោងតាមទីក្រុងប្រ៊ុចសែល ទីក្រងមូស្គូមិនចង់បានសន្តិភាពទេ។

លោក Saldo បាននិយាយថា៖«ពួកគេ [ប្រទេសអឺរ៉ុប] នឹងបន្តនិយាយថា រុស្ស៊ីមិនចង់បានសន្តិភាពទេ។ តាមពិតទៅ នេះគឺជាការរៀបចំទាំងអស់ដោយអ្នកនយោបាយ និងអ្នកការទូតដែលមានជំនាញ ដែលដាក់អត្ថន័យផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងពាក្យទាំងនេះ ដើម្បីបោកបញ្ឆោតប្រជាជនរបស់ពួកគេ»។
លោកបានបន្ថែមថា ពេលខ្លះ រុស្ស៊ីបានប្រព្រឹត្ត «ត្រឹមត្រូវពេក» ដោយលើកឡើងពីកិច្ចព្រមព្រៀងទីក្រុង Minsk ជាឧទាហរណ៍។ លោកអភិបាលតំបន់រូបនេះ បានសង្កត់ធ្ងន់ថា អស់រយៈពេល ៨ឆ្នាំ រុស្ស៊ីបានស្វែងរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែនតាមរយៈមធ្យោបាយការទូត ខណៈដែលលោកខាងលិចកំពុងរៀបចំអ៊ុយក្រែនសម្រាប់សកម្មភាពយោធា៕
