ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅក្នុងសុន្ទរកថាពេលល្ងាចកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូអ៊ុយក្រែនមាននូវជំនួបជាច្រើនជុំជាមួយក្រុមតំណាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងនោះការងារបានធ្វើលើឯកសារដែលត្រូវការបញ្ចប់សង្រ្គាម ។

លោក Zelenskiy និយាយថា ទីក្រុងគីវ បានជូនដំណឹងពេញលេញដល់ទីក្រុងវ៉ាស៊ីនតោនស្តីពីស្ថានភាពជាក់ស្តែង ហើយនិងការវាយប្រហារបន្តរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដោយរូបលោកបញ្ជាក់ថា ទីក្រុងមូស្គូពុំបានបង្ហាញចំណាប់អារម្មណ៍ពិតប្រាកដ ក្នុងវិស័យការទូតនោះទេ ។ លោកថា កិច្ចចរចាជាមួយភាគីសហរដ្ឋអាមេរិក នឹងបន្តនៅសប្តាហ៍នេះទៀត ។
លោក Trump ត្រូវបានគេរំពឹងថា នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស ជាទីដែលលោកបង្ហាញថា លោកអាចនឹងជួបជាមួយលោក Zelenskiy គឺជាជំនួបមួយដែលមេដឹកនាំអ៊ុយក្រែនរូបនេះ ព្យាយាមស្វែងរកជាសាធារណៈ ។
ក្រុមមេដឹកនាំពិភពលោកជួបជុំគ្នាក្នុងវេទិកាមួយដែលត្រូវបានគេរំពឹងថា នឹងពិភាក្សាលើជម្លោះ ស្របពេលការវាយប្រហារកើនឡើងរបស់រុស្ស៊ី បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនក្នុងទីក្រុងគីវ គ្មានកម្តៅ ក្នុងពេលសីតុណ្ហភាពធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ ៕
