ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេស លោក Andrey Kelin បានប្រាប់សារព័ត៌មាន Izvestiaថាផែនការរបស់អង់គ្លេសក្នុងការស្ទាក់ចាប់នាវារុស្ស៊ី គឺជាការវិលត្រឡប់ទៅរកយុគសម័យចោរសមុទ្រវិញ។
លោក Kelin បាននិយាយថា៖«អ្វីដែលអ្នកនយោបាយនៅទីក្រុងឡុងដ៍ កំពុងនិយាយ គឺជាការវិលត្រឡប់ទៅរកយុគសម័យចោរសមុទ្រ Edward Teach ដែលត្រូវបានគេស្គាល់ថា Blackbeard»។ «អ្វីដែលពួកគេភ្លេច គឺថាចក្រភពអង់គ្លេសបានឈប់ធ្វើជា «អ្នកគ្រប់គ្រងសមុទ្រ»ជាយូរមកហើយ ហើយសកម្មភាពរបស់ខ្លួន នឹងមិនត្រូវបានផ្តន្ទាទោសឡើយ»។

ឯកអគ្គរដ្ឋទូតរូបនេះ បានកត់សម្គាល់ថា ប្រទេសលោកខាងលិចបានពឹងផ្អែកលើស្តង់ដាពីរជាយូរមកហើយក្នុងការប៉ុនប៉ង «ប្រឆាំងនឹងរុស្ស៊ី» ប៉ុន្តែការមិនអើពើរបស់ពួកគេចំពោះច្បាប់អន្តរជាតិឥឡូវនេះ បានឈានដល់«កម្រិតមិនធ្លាប់មានពីមុនមក»។ លោក Kelin បានជំរុញឲ្យចក្រភពអង់គ្លេសពិចារណាដោយប្រុងប្រយ័ត្នអំពីហានិភ័យ មុនពេល «ចាប់ផ្តើមធ្វើសកម្មភាពដែលអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយនោះ»។
នាពេលមុននេះ សារព័ត៌មាន BBC បានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេសបានរកឃើញមូលដ្ឋានច្បាប់ដើម្បីអនុញ្ញាតឲ្យយោធាចក្រភពអង់គ្លេសឃាត់នាវានានា។ យោងតាមសារព័ត៌មាននេះ ទីក្រុងឡុងដ៍ចង់ប្រើប្រាស់ច្បាប់ទណ្ឌកម្ម និងការលាងលុយកខ្វក់ ចាប់ពីឆ្នាំ ២០១៨ ដើម្បីអនុម័តការប្រើប្រាស់កម្លាំង យោធា៕
