ក្រសួងការបរទេសស៊ីរី បានឲ្យដឹងកាលពីយប់ថ្ងៃអាទិត្យ (ទី១៨ ខែមករា ឆ្នាំ២០២៦) ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងការធ្វើសមាហរណកម្មពេញលេញ រវាងរដ្ឋាភិបាល និងកងកម្លាំង SDF បង្ហាញពីជំហានដ៏សំខាន់ ឆ្ពោះទៅរកការបង្រួបបង្រួមស្ថាប័នរដ្ឋ ការស្តារអធិបតេយ្យភាពឡើងវិញ និងការចាប់ផ្តើមនូវដំណើរការស្តារជាតិឡើងវិញគ្រប់ជ្រុងជ្រោយ។
សេចក្តីថ្លែងការណ៍របស់ក្រសួង បានលើកឡើងថា «សាធារណរដ្ឋថ្មី» របស់ស៊ីរី ត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃភាពជាពលរដ្ឋ ដោយបានសង្កត់ធ្ងន់ថា ឯកភាព និងការរួបរួមរបស់ប្រជាជនស៊ីរី នៅក្នុងសមាសធាតុទាំងអស់របស់ពួកគេ បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃស្ថិរភាពយូរអង្វែង។ ក្រសួងបានពិពណ៌នា អំពីភាពចម្រុះនៃសង្គមស៊ីរីថា ជាប្រភពនៃការរួមកម្លាំង មិនមែនជាការបែកបាក់គ្នាឡើយ។
ក្រសួងបានបន្ថែមថា រដ្ឋកំពុងឈានឆ្ពោះទៅមុខជាមួយនឹងជំហានជាក់ស្តែង ដើម្បីឲ្យការបង្រួបបង្រួមឯកភាពស្ថាប័នកាន់តែរឹងមាំ និងបញ្ជាក់ឡើងវិញនូវអំណាចរដ្ឋ នៅទូទាំងប្រទេស ក្នុងនោះរួមទាំងការធ្វើសមាហរណកម្មស្ថាប័ន និងយោធារបស់កងកម្លាំង SDF ទៅក្នុងរចនាសម្ព័ន្ធរដ្ឋផងដែរ។

ជាផ្នែកមួយនៃវិធីសាស្រ្តនេះ ក្រសួងបានលើកឡើងពីក្រឹត្យដែលលោកប្រធានាធិបតី Ahmad al-Sharaa បានចេញកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយបានទទួលស្គាល់សិទ្ធិវប្បធម៌ និងភាសារបស់ជនជាតិឃឺដស៊ីរី ហើយដោះស្រាយបញ្ហាស៊ីវិល និងផ្លូវច្បាប់ដែលមានរយៈពេលដ៏យូរអង្វែង ក្នុងនោះរួមទាំងឋានៈជាអ្នកស្រុកគ្មានរដ្ឋ និងបញ្ហាទ្រព្យសម្បត្តិដែលមិនទាន់ដោះស្រាយ។ ក្រសួងបានបន្ថែមថា ក្រឹត្យនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខាងនយោបាយ និងផ្លូវច្បាប់ ក្នុងបង្កើតរដ្ឋបរិយាបន្នមួយ ដែលធានាដល់សិទ្ធិដោយគ្មានការរើសអើង។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា កិច្ចព្រមព្រៀងយោគយល់គ្នា ដែលបានឈានដល់ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមករា ឆ្នាំ២០២៦) រួមមានបទឈប់បាញ់បន្ទាន់ និងយ៉ាងទូលំទូលាយ នៅទូទាំងសមរភូមិ និងទីកន្លែងប្រយុទ្ធគ្នាទាំងអស់ ក៏ដូចជាការប្រគល់ខេត្ត Deir ez-Zor ភាគខាងកើត និងខេត្ត Raqqa ភាគឦសាន ទាំងការគ្រប់គ្រងរដ្ឋបាល និងយោធាពេញលេញទៅឲ្យរដ្ឋាភិបាលស៊ីរី៕


