អ្នករៀបចំ នៅថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងមិនចូលរួមនោះឡើយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Davos ប្រទេសស្វីស នាសប្តាហ៍នេះ ដោយបានផ្ដល់ហេតុផលថា វានឹងមិនមែនជា «ពេលវេលាសមស្រប» ឡើយ បន្ទាប់ពីមានការបង្ក្រាបដ៏បង្ហូរឈាមថ្មីៗនេះ លើក្រុមបាតុករ នៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Abbas Araghchi ត្រូវបានគ្រោងថ្លែងសុន្ទរកថា នៅថ្ងៃអង្គារ ក្នុងអំឡុងពេលមានកិច្ចជុំប្រចាំឆ្នាំរបស់ឥស្សរជនពិភពលោក នៅទីក្រុងរមណីយដ្ឋានជិះស្គីដ៏ប្រណីតរបស់ស្វីស។
ប៉ុន្តែសកម្មជននានា បានអំពាវនាវដល់អ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឲ្យដកការអញ្ជើញរូបលោកចេញ ស្របពេលមាននូវអ្វីដែលក្រុមសិទ្ធិមនុស្សចាត់ទុកថា ជា «ការសម្លាប់រង្គាល» នៅក្នុងប្រទេសរបស់លោក។ វេទិកាសេដ្ឋកិច្ចពិភពលោក បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងមិនមានវត្តមាននៅទីក្រុង Davos នោះទេ»។

WEF បានបន្ថែមថា៖ «ទោះបីជាលោកត្រូវបានអញ្ជើញកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនក្ដី ក៏ការបាត់បង់អាយុជីវិតជនស៊ីវិលដ៏គួរឲ្យសោកសៅ នៅអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានន័យថា វាមិនមែនជាពេលវេលាសមស្របឡើយ ដើម្បីឲ្យរដ្ឋាភិបាលអ៊ីរ៉ង់មានតំណាងនៅក្នុងកិច្ចប្រជុំ Davos នាឆ្នាំនេះ»។
គួរបញ្ជាក់ថា បាតុកម្មដែលបង្កឡើងដោយកំហឹង ដោយសារការលំបាកផ្នែកសេដ្ឋកិច្ច បានផ្ទុះឡើងទៅជាការតវ៉ាយ៉ាងធំ កាលពីចុងខែធ្នូឆ្នាំមុន ជាអ្វីដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅប្រទេសន័រវ៉េស ឲ្យដឹងថា ខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់របស់អ្នកតវ៉ាចំនួន ៣.៤២៨នាក់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ដោយបញ្ជាក់អះអាងករណីនានា តាមរយៈប្រភពនៅក្នុងប្រព័ន្ធសុខាភិបាល និងវេជ្ជសាស្ត្ររបស់សាធារណរដ្ឋឥស្លាម សាក្សី និងប្រភពឯករាជ្យផ្សេងៗ។ អង្គការមិនមែនរដ្ឋាភិបាលនេះ បានព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ៕
