នគរបាលបានប្រាប់ឲ្យដឹងថា ការបាញ់ប្រហារ នៅសាលាក្រុង ភាគខាងជើងសាធារណរដ្ឋឆេក នាថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦ ) នេះ បានបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៤នាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានទាំងមន្ត្រីនគរបាលម្នាក់ផងដែរ។
នគរបាលបានឲ្យដឹងបន្ថែមថា ជនសង្ស័យត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ ហើយស្ថានការណ៍បង្កគ្រោះថ្នាក់បន្ថែមទៀតមិនមានឡើយ។
នគរបាលបានអះអាងថា៖ «នៅពេលនេះ យើងអាចបញ្ជាក់បានថា ស្ត្រីម្នាក់បានបាត់បង់ជីវិត ហើយខ្មាន់កាំភ្លើងក៏ស្លាប់ដែរ»។
ហើយតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នគរបាលបានបញ្ជាក់ថា ការបាញ់ប្រហារនោះ បានកើតមានឡើងនៅសាលាក្រុង Chribska។
ជាមួយគ្នានេះ ហេតុផលដែលនាំឲ្យមានការបាញ់ប្រហារនេះ មិនទាន់ច្បាស់ភ្លាមៗនៅឡើយទេ ។ នគរបាលបានបន្ថែមថា អ្នកចិត្តសាស្រ្តត្រូវបានបញ្ជូនទៅកន្លែងកើតហេតុនោះ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ទាំងអស់៕