កង្វក់បរិយាកាសបានគ្របដណ្តប់រដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ ក្នុងនោះផ្សែងអ័ព្ទយ៉ាងក្រាស់ បានកាត់បន្ថយរយៈចម្ងាយមើលឃើញ និងបង្កបញ្ហាសុខភាពដល់អ្នកស្រុកផងដែរ ។
ក្រុមអាជ្ញាធរ បានដាក់ចេញវិធានការរឹតត្បិតក្រោមផែនការសកម្មភាពឆ្លើយតប ៤កម្រិត(GRAP IV) ហើយយោងតាមទិន្នន័យបញ្ចេញដោយគណៈក្រុមប្រឹក្សាភិបាលគ្រប់គ្រងការបំពុលកណ្តាល បានឲ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់(AQI) រកឃើញមានកម្រិត ៤៣៤ ដែលជាកម្រិតធ្ងន់ធ្ងរខ្លាំង ។
លោក Alok Tiwari គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងដែលី និយាយថា លោកងើបហាត់ប្រាណនៅវេលាម៉ោង ៥ និង ៣០នាទីព្រឹក ។ វាមានអារម្មណ៍ដូចជាបំពង់ករបស់លោកស្ទះខ្លាំង លោកមានអារម្មណ៍ដូចជារលាកបំពង់ក ហើយច្រមុះរបស់លោកឈឺខ្លាំងណាស់ ។
លោកបន្តថា ពេលដែលពួកយើងហាត់ប្រាណ ពួកយើងអាចការពារខ្លួនពួកយើងបាន ប៉ុន្តែសម្រាប់អ្នកដែលមិនហាត់ប្រាណវិញ ពួកគេអាចនឹងមានបញ្ហាកើតឡើងជាមួយសុខភាពរបស់ពួកគេជាក់ជាពុំខាននោះឡើយ ។
ទីក្រុងដែលី និងតំបន់ជនបទជុំវិញ តែងតែគ្របដណ្តប់ដោយផ្សែងអ័ព្ទ អំឡុងរដូវរងា ពេលដែលអាកាសធាតុត្រជាក់ទាក់ជាប់ការបំភាយឧស្ម័នពីថយន្ត ការដ្ឋានសំណង់ និងការដុតកាកសំណល់កសិកម្ម ធ្វើឲ្យកម្រិតកង្វក់បរិយាកាស ស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោក ៕