មន្ត្រីអាហ្វហ្គានីស្ថាន បានប្រាប់ឲ្យដឹងថា មនុស្សជាច្រើននាក់ បានបាត់បង់ជីវិត ឬរងរបួស អំឡុងការផ្ទុះនៅសណ្ឋាគារមួយ ក្នុងតំបន់ដែលមានការយាមយ៉ាងតឹងរ៉ឹង នាកណ្តាលក្រុងកាប៊ុល នាថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Abdul Mateen Qani បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «យោងតាមរបាយការណ៍បឋម បានបង្ហាញថា មនុស្សមួយចំនួន បានបាត់បង់ជីវិត និងរងរបួស»។
ចំណែកអ្នកនាំពាក្យនគរបាលក្រុងកាប៊ុល លោក Khalid Zadran បានឲ្យដឹងថា ការផ្ទុះនេះបានកើតមាននៅសណ្ឋាគារមួយ ក្នុងសង្កាត់ពាណិជ្ជកម្ម Shahr-e-Naw ដែលរួមមានអគារការិយាល័យធំៗ ផ្សារទំនើប និងស្ថានទូត។
តំបន់នេះត្រូវបានចាត់ទុកថា ជាផ្នែកមួយដែលមានសុវត្ថិភាពបំផុតរបស់ទីក្រុងកាប៊ុល។ ភ្លាមៗនេះ មិនទាន់មានក្រុមណាអះអាងទទួលខុសត្រូវ ចំពោះការផ្ទុះនេះទេ។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសដែលហែកហួរដោយសង្គ្រាម ក្នុងឆ្នាំ២០២១ ហើយបានបញ្ជាក់ថា ខ្លួននឹងស្តារសន្តិសុខឡើងវិញ ប៉ុន្តែការវាយប្រហារនៅតែបន្តមាន ដែលភាគច្រើននៃការវាយប្រហារទាំងនោះត្រូវបានអះអាងដោយអង្គភាពក្នុងតំបន់នៃក្រុមសកម្មប្រយុទ្ធរបស់រដ្ឋឥស្លាម៕