អង្គការជំនួយអន្តរជាតិ Oxfam បានចេញនូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីវិសមភាពកើនឡើង ដោយពួកគេបង្ហាញក្តីបារម្ភថា មហាសេដ្ឋីមិនត្រឹមតែមានបានច្រើនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែពួកគេពង្រឹងការគ្រប់គ្រងនយោបាយ សារព័ត៌មាន និងព័ត៌មានសង្គមជាងពេលណាៗទាំងអស់ ។
របាយការណ៍ដែលបានបញ្ចេញកាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ផងដែរពីគម្លាតរីកធំរវាងអ្នកមាន និងអ្នកក្រ នៅក្នុងពិភពលោកដែលហ៊ុមព័ទ្ធដោយជម្លោះ និងការតវ៉ាកាន់តែច្រើន ។
យោងតាមការវិភាគរបស់អង្គការ Oxfam បានឲ្យដឹងថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋី បានកើនឡើងចំនួន ២,៥សែនកោដិដុល្លារ ក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងជិតទ្រព្យសម្បត្តិរបស់មនុស្សជាតិ ៤,១ពាន់លាននាក់ ។
កាលពីឆ្នាំមុន គឺជាឆ្នាំលើកដំបូងផងដែរមានមហាសេដ្ឋីជាង ៣ពាន់នាក់ នៅលើពិភពលោក ហើយនិងជាលើកដំបូងដែលអ្នកមានជាងគេបំផុតនៅលើពិភពលោកគឺលោក Elon Musk មានទ្រព្យសម្បត្តិជាងកន្លះសែនកោដិដុល្លារ ។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Oxfam លើវិសមភាពកើនឡើង ត្រូវបានបញ្ចេញ គាប់ជួននឹងការបើកជំនួបប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ៕