
កំណើនចំនួនមង្គលការ នឹងផ្តល់ក្តីសង្ឃឹមថ្មីនៃចំនួនពលរដ្ឋចិន ខណៈទិន្នន័យផ្លូវការបញ្ចេញនៅថ្ងៃចន្ទនេះ បង្ហាញថា អត្រាកំណើតនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបថ្មី ក្នុងឆ្នាំ ២០២៥ ហើយចំនួនពលរដ្ឋសរុបបានធ្លាក់ចុះ ក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ។
ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃចន្ទនេះថា ចំនួនប្រជាពលរដ្ឋចិន ធ្លាក់ចុះក្នុងឆ្នាំ ២០២៥ ពោលគឺធ្លាក់ចុះចំនួន ៣,៣៩លាននាក់ មកនៅចំនួន ១,៤០៥ពាន់លាននាក់ ដែលជាចំនួនធ្លាក់ចុះលឿនបំផុតជាងកាលពីឆ្នាំ ២០២៤ ។
ដោយឡែក យោងតាមទិន្នន័យដែលចេញដោយក្រសួងកិច្ចការស៊ីវិលកាលពីដើមខែនេះ បានឲ្យដឹងថា អត្រាមង្គលការ បានកើតឡើងដល់ចំនួន ៨,៥ភាគរយ សម្រាប់ ៩ខែដំបូងក្នុងឆ្នាំ ២០២៥ ។
នៅតំបន់សេដ្ឋកិច្ច Huqiu Bridal City ស្ថិតក្នុងទីក្រុងភាគខាងកើត Suzhou ប្រទេសចិន ក្រុមអាជីវករអាពាហ៍ពិពាហ៍ សម្តែងការសាទរ និងសុទិដ្ឋិនិយមចំពោះកំណើនមង្គលការនេះ ។
អ្នកស្រី Chen Juan គឺជាសហម្ចាស់ហាងសំអាងការ Luoyi Bridal ជាទីដែលរ៉ូបអាពាហ៍ពិពាហ៍មានតម្លៃចាប់ពី ១ពាន់យ៉ន់(ស្មើនឹង ១៤៣,៥១ដុល្លារ) ដល់ ៤ពាន់យ៉ន់(ស្មើនឹង៥៧៣,៩៨ដុល្លារ) និយាយថា អត្រាមង្គលការក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះច្រើន ជាពេលដែលពួកគេគិតថា វាជាឆ្នាំមិនល្អសម្រាប់កាត់ចំណងដៃអាពាហ៍ពិពាហ៍ ក្នុងនោះគូស្រករជាច្រើន បានលើកពេលមង្គលការរបស់ពួកគេមកនៅឆ្នាំ ២០២៥ ។
នៅតំបន់សេដ្ឋកិច្ច Huqiu Bridal City ដែលស្ថិតក្នុងចំណោមទីផ្សាររ៉ូបអាពាហ៍ពិពាហ៍ធំបំផុតរបស់ចិន មានហាងសំអាងការជាង ៨០០កន្លែង សម្បូរដោយកំណាត់ពណ៌សរលោង ស្រោមដៃសូត្រ ស្បៃមុខ ក៏ដូចជាឈុតអាពាហ៍ពិពាហ៍ផលិតតាមតម្រូវការផងដែរ ។
កាលពីខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ចិនបានចាប់ផ្តើមអនុញ្ញាតឲ្យគូស្រករ. អាចរៀបការនៅកន្លែងណាក៏បាននៅក្នុងប្រទេស ជំនួសឲ្យទីកន្លែងរស់នៅរបស់ពួកគេ ដើម្បីធ្វើឲ្យដំណើរការរៀបអាពាហ៍ពិពាហ៍របស់ពួកគេ កាន់តែមានភាពងាយស្រួលជាងមុន ៕