ប្រណាំងកង់៖ កីឡាករប៊ែលហ្ស៊ិក Wout van Aert បានឡើងមកនាំមុខគេរួមក្រោយយកឈ្នះដំណាក់កាលទី៤ នៃការប្រកួតប្រណាំងកង់កម្មវិធី Paris-Nice ថ្ងៃពុធម្សិលមិញ។ ដំណាក់កាលទី៤ ម្សិលមិញមានចម្ងាយផ្លូវត្រឹម ១៣.៤គីឡូម៉ែត្រប៉ុណ្ណោះដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន។

កីឡាកររបស់ក្រុម Jumbo-Visma, Wout van Aert បានប្រើពេលល្អជាងគេ ១៦នាទី ២០វិនាទី តាមពីក្រោយដោយអតីតជើងឯក Tour de France, Primoz Roglic ២វិនាទី និងលេខ៣ កីឡាករអូស្ត្រាលី Rohan Denis យឺតជាង ៦វិនាទី។ ក្រោយដំណាក់កាលដ៏មានសារសំខាន់នេះ Wout van Aert បានឡើងមកនាំមុខគេជារួមជាមួយនឹងថេរវេលាចំណេញ ១០វិនាទីលើអ្នកលេខ២ Primoz Roglic ខណៈអ្នកនាំមុខចាស់កីឡាករបារាំង Christophe Laporte ធ្លាក់ទៅលេខ៣ យឺតជាងអ្នកនាំមុខដល់ទៅ ២៨វិនាទី។ សំរាប់ដំណាក់កាលទី៥ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១៨៨.៨គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ