អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលពីថ្ងៃចន្ទ ១៩ មករាសប្ដាហ៍នេះ ថា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហររបស់ខ្លួនលើបញ្ហាកោះ Greenland ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកឈប់ប្រើប្រាស់វោហារសាស្ត្រនូវអ្វីដែលហៅថាការគំរាមកំហែងពីប្រទេសចិន ជាលេសសម្រាប់ការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក Trump និយាយថា ទីក្រុង Washington ត្រូវតែយកកោះ Greenland ដើម្បីទប់ស្កាត់ រុស្ស៊ី ឬចិនកុំឲ្យគ្រប់គ្រង ។

អ្នកនាំពាក្យរូបនេះបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ច្បាប់អន្តរជាតិដែលផ្អែកលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ហើយត្រូវតែគោរព។

លោក Guo បានអត្ថាធិប្បាយបែបនេះ នៅពេលឆ្លើយតបទៅនឹងសំណួរអំពីការប្រកាសថ្មីៗរបស់ប្រធានាធិបតីអាមេរិក Donald Trump ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០ ភាគរយចាប់ពីថ្ងៃទី ១ ខែកុម្ភៈ លើទំនិញពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ លើបញ្ហាកោះ Greenland និងបង្កើនពន្ធដល់ ២៥ ភាគរយចាប់ពីដើមខែមិថុនា លុះត្រាតែមានកិច្ចព្រមព្រៀងសម្រាប់សហរដ្ឋអាមេរិកទិញយកដែនដីនេះ៕