ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យដ៏មហន្តរាយដែលបានឆាបឆេះផ្សារទំនើប Gul Plaza ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ២៦នាក់ កាលពីថ្ងៃចន្ទ១៩មករា សប្ដាហ៍នេះ ខណៈក្រុមជួយសង្គ្រោះបានបន្តសម្អាតម្ទេចកម្ទី ស្របពេលមានក្ដីបារម្ភថាមនុស្សរាប់សិបនាក់ទៀតអាចនៅតែជាប់ក្រោមរចនាសម្ព័ន្ធដែលដួលរលំ។

ក្រុមពន្លត់អគ្គិភ័យបានប្រកាសថា អគ្គិភ័យបានរលត់ទាំងស្រុងបន្ទាប់ពី ៣៦ម៉ោង ដោយប្រតិបត្តិការ ការស្វែងរកអ្នកនៅរស់រានមានជីវិត កំពុងបន្ត ។ ក្រុមជួយសង្គ្រោះបាននិយាយថា ជិត ៦០% នៃផ្សារទំនើបបានដួលរលំ ខណៈរចនាសម្ព័ន្ធសេសសល់នៅតែផុយស្រួយខ្លាំង មិនអាចរុករកបានដោយសុវត្ថិភាព។
ក្រុមមន្ត្រីបានបញ្ជាក់ថា មនុស្សបាត់ខ្លួនចំនួន ៨១នាក់ត្រូវបានរាយការណ៍ដោយក្រុមគ្រួសារដែលកំពុងអន្ទះសាររង់ចាំដំណឹង ខណៈក្រុមអាជីវករបារម្ភថាចំនួននេះ អាចខ្ពស់ដល់ ១០០នាក់។
អគ្គិភ័យ ដែលបានឆាបឆេះឡើងនៅម៉ោងប្រហែល ១០:១៥យប់ថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បានឆាបឆេះអស់រយៈពេលជិត ៣៦ម៉ោង មុនពេលក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបាន។ ក្រុមអាជ្ញាធរបាននិយាយថា អគារនេះ ដែលមានហាងប្រហែល ១.២០០ នៅជាន់ក្រោម ជាន់ផ្ទាល់ដី និង៣ជាន់ខាងលើ បានរងការខូចខាតរចនាសម្ព័ន្ធយ៉ាងខ្លាំង៕

