មន្ត្រីអនុវត្តច្បាប់បាននិយាយកាលពីថ្ងៃចន្ទ ទី ១៩ ខែមករាថា មន្ត្រីកំពុងធ្វើការសម្អាតផ្លូវនានាបន្ទាប់ពីគ្រោះថ្នាក់រថយន្ត១០០គ្រឿងបានកើតឡើងនៅលើផ្លូវគ្របដណ្ដប់ដោយព្រិលនៅភាគខាងជើងរដ្ឋមីឈីហ្គែន(Michigan)។

នគរបាលរដ្ឋមីឈីហ្គែន និយាយថា មានអ្នករងរបួសច្រើននាក់ត្រូវបានរាយការណ៍ក្នុងគ្រោះថ្នាក់នេះ ប៉ុន្តែគ្មាននណារម្នាក់ «ត្រូវបានគេជឿថាគ្រោះថ្នាក់ដល់ជីវិតទេ» បន្ទាប់ពីរថយន្តដឹកទំនិញធំៗ និងរថយន្តតូចបានបុកគ្នានៅច្រករបៀង I-196 បណ្តាលឱ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចេញពីផ្លូវដោយសារតែររអិលព្រិល។

លោក Pedro Mata Jr បាននិយាយថា លោកស្ទើរតែមើលមិនឃើញរថយន្តនៅខាងមុខលោក ខណៈព្រិលបានធ្លាក់កាត់ផ្លូវពេលកំពុងបើកបរក្នុងល្បឿន៣២ទៅ៤០គីឡូម៉ែត្រក្នុងមួយម៉ោងមុនពេលមានគ្រោះថ្នាក់។ លោកអាចបញ្ឈប់រថយន្តភីកអាប់របស់លោកដោយសុវត្ថិភាព ប៉ុន្តែត្រូវអូសរថយន្តរបស់លោកចេញពីផ្លូវដើម្បីជៀសវាងការបុកពីក្រោយ។
លោក Mata បាននិយាយថា «វាគួរឱ្យខ្លាច គ្រាន់តែស្តាប់អ្វីៗគ្រប់យ៉ាង សំឡេងបុកទង្គិច និងសំឡេងបុកនៅពីក្រោយ។ ខ្ញុំមើលឃើញអ្វីដែលនៅពីមុខខ្ញុំ ប៉ុន្តែខ្ញុំមិនអាចមើលឃើញអ្វីដែលនៅពីក្រោយខ្ញុំច្បាស់នោះទេ»។
ឧប្បត្តិហេតុកាលពីថ្ងៃចន្ទរួមមានរថយន្តដឹកទំនិញចំនួន៣០ទៅ៤០ គ្រឿងបានបុកតគ្នា និងបិទផ្លូវអន្តររដ្ឋដែលជាធម្មតាមមាញឹក ដែលនៅតែបិទជាច្រើនម៉ោងក្រោយមក។ មន្ត្រីបានជំរុញឱ្យអ្នកបើកបរបន្ថយល្បឿនក្នុងស្ថានភាពគ្រោះថ្នាក់ដោយមានព្យុះព្រិលរដូវរងាបន្តធ្លាក់លើតំបន់នោះ ហើយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ -២២ អង្សាសេ រួមទាំងខ្យល់ត្រជាក់ផងដែរ។