វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ ១ ពិភពលោកថ្មីសញ្ជាតិរុស្ស៊ី Daniil Medvedev និងកីឡាការិនីបេឡារុស Aryna Sabalenka អំពាវនាវរកសន្តិភាព ស្របពេលការវាយប្រហារពីរុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត។ រុស្ស៊ីបានបើកការវាយលុកចូលទឹកដីអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ដែលជាការវាយលុកលើទ្វីបអឺរ៉ុបធំបំផុតតាំងពីឆ្នាំ១៩៤៥ ខណៈរុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួនថា ជាប្រតិបត្តិការយោធាពិសេស។

លោក Daniil Medvedev ដែលទើបបានទទួលតំណែងលេខ ១ ពិភពលោកកាលពីសប្តាហ៍មុនបាននិយាយមុនព្រឹត្តិការណ៍ Indian Wells នៅសហរដ្ឋអាមេរិកថា ខ្ញុំចង់បានសន្តិភាពត្រលប់មកវិញ ខ្ញុំជឿថា កីឡាករ-កីឡាការិនីគ្រប់រូបសុទ្ធតែចង់និយាយបែបនេះ។ ជាការពិតសកម្មភាពគាំទ្រប្រជាជនអ៊ុយក្រែន បាននឹងកំពុងពុះកញ្ជ្រោលក្នុងសហគមន៍កីឡាវាយកូនបាល់។ អតីតកីឡាករលេខ ១ ពិភពលោករុស្ស៊ី Maria Sharapova និងកីឡាករស្កុតឡេន Andy Murray បានសន្យាជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់កុមារ ដែលរងគ្រោះដោយការលុកលុយនៅអ៊ុយក្រែន។ មនុស្សពីរលាននាក់ដែលភាគច្រើនជាស្ត្រី និងកុមារបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន។

ចំណែកឯកីឡាការិនីបេឡារុស Aryna Sabalenka ដែលប្រទេសកំណើតរបស់ខ្លួនទឹកដីមូលដ្ឋានទ័ព និងគាំទ្រ យោធារុស្ស៊ីនោះ ក៏បានសំដែងអារម្មណ៍សង្វេគចំពោះប្រជាជនអ៊ុយក្រែនផងដែរ ដែលបាត់បង់ផ្ទះសំបែងដោយសារសង្គ្រាម និងសង្ឃឹមថាសន្តិភាពនឹងត្រលប់មកវិញឆាប់ៗ។ ជាធម្មតាការប្រកួតវាយកូនបាល់ឯកត្តជន កីឡាករ-កីឡាការិនីមិនត្រូវបានសង្កត់ធ្ងន់លើសញ្ជាតិរបស់ខ្លួនឡើយ តែកីឡាការិនី Dayana Yastremska ដែលបានភៀសខ្លួនចេញពីអំពើហិង្សាជាមួយប្អូនស្រីរបស់នាង បានចូលរួមប្រកួតជុំទី១ របស់នាងកាលពីយប់ថ្ងៃពុធដោយពាក់ទង់ជាតិអ៊ុយក្រែន។ Yastremska ដែលបានឈ្នះពានរង្វាន់ WTA ចំនួនបីបានសន្យាថា នឹងបរិច្ចាគប្រាក់រង្វាន់ជើងឯករង Lyon Open របស់នាងសប្តាហ៍មុនដើម្បីជួយដល់មូលនិធិជំនួយសំរាប់អ៊ុយក្រែន៕
អត្ថបទ៖នាង សុភាវុធ