ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានសម្រាលការព្រួយបារម្ភអំពីចំណាត់ការកាលពីពេលថ្មីៗចំនួនពីររបស់យោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ជិតខាងប្រទេសម៉ិកស៊ិកដែលធ្វើឱ្យប្រទេសនេះស្ថិតក្នុងការព្រួយបារម្ភចាប់តាំងពីការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក បានជំរុញឱ្យប្រតិបត្តិករយន្តហោះអាមេរិក «ប្រុងប្រយ័ត្ន» នៅពេលហោះហើរនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតជិតប្រទេសម៉ិកស៊ិក អាមេរិកកណ្តាល និងផ្នែកមួយចំនួននៅអាមេរិកខាងត្បូង ដោយលើកឡើងពី «សកម្មភាពយោធា»។

លោកស្រីប្រធានាធិបតី និយាយថា រដ្ឋបាលរបស់លោកស្រី បានរង់ចាំរហូតដល់រដ្ឋាភិបាលអាមេរិកផ្តល់ការធានា «ជាលាយលក្ខណ៍អក្សរ» ថា នឹងគ្មានជើងហោះហើរយោធាអាមេរិកណាមួយនៅខាងលើទឹកដីប្រទេសម៉ិកស៊ិកទេ។ លោកស្រីបាននិយាយថា រដ្ឋាភិបាលអាមេរិក មិនបានផ្តល់ឱ្យប្រទេសម៉ិកស៊ិកនូវការជូនដំណឹងជាមុនអំពីប្រតិបត្តិការយោធាណាមួយឡើយ។

រដ្ឋាភិបាលអាមេរិក បានផ្តល់ភាពច្បាស់លាស់សម្របសម្រួលសម្រាប់កន្លែងដែលខ្លួនធ្វើប្រតិបត្តិការ ហើយអាជ្ញាធរម៉ិកស៊ិក បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការណែនាំរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ពុំមានផលប៉ះពាល់ដល់ប្រទេសម៉ិកស៊ិកទេ។ ក្រោយមក រូបភាពនៃយន្តហោះដឹកជញ្ជូនយោធាអាមេរិកនៅលើផ្លូវរត់នៅអាកាសយានដ្ឋាន Toluca ប្រហែល៦៣ គីឡូម៉ែត្រភាគខាងលិចទីក្រុង Mexico City បានចាប់ផ្តើមចរាចរនៅលើបណ្តាញផ្សព្វផ្សាយសង្គម។
លោកស្រី Sheinbaum បានពិពណ៌នាថាជាប្រតិបត្តិការ «ដឹកជញ្ជូន» ដែលមិនតម្រូវឱ្យមានការយល់ព្រមពីព្រឹទ្ធសភាឡើយ។ លោកស្រី Sheinbaum និយាយថា «យន្តហោះសហរដ្ឋអាមេរិកបានចុះចត មន្ត្រី បានឡើងលើយន្តហោះនោះ ហើយពួកគេបានទៅកាន់សហរដ្ឋអាមេរិកដើម្បីបណ្តុះបណ្តាល»។