បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២៥ មានសមាជិកសរុបចំនួនជាង ៣លាន ៥៣ម៉ឺននាក់ ស្រីចំនួនជិត ២លាននាក់។ ក្នុងនោះ បានផ្តល់ជូនបុគ្គលស្វ័យនិយោជន៍(អ្នករកប្រាក់ចំណូលដោយខ្លួនឯង) ចំនួនសរុបជាង ៥៩ម៉ឺន ៦ពាន់នាក់។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះថា គិតត្រឹមឆ្នាំ២០២៥ ក្នុងចំនួនសមាជិកសរុបចំនួនជាង ៣,៥លាននាក់នេះ ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជាង ៥២ម៉ឺននាក់, បុគ្គលស្ថិតក្រោមច្បាប់ស្តីពីការងារចំនួនជាង ២,១លាននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ២៦ម៉ឺននាក់។

ទាក់ទិនប័ណ្ណ ប.ស.ស. នេះដែរ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺ គឺមិនមានការរើសអើងទេ រវាងអ្នកជំងឺដែលបង់ប្រាក់ ឬអ្នកប្រើប្រាស់សេវាប័ណ្ណ ប.ស.ស. និងអ្នកប្រើប្រាស់ប័ណ្ណសមធម៌ ពោលគឺ ទាំងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ គឺយកចិត្តទុកដាក់ដូចគ្នា។ ជាមួយនេះ ក្រុមវេជ្ជបណ្ឌិត បានអំពាវនាវដល់អ្នកដែលពុំទាន់មានប័ណ្ណ ប.ស.ស. សូមទៅស្នើសុំធ្វើប័ណ្ណនេះឱ្យបានគ្រប់ៗគ្នា ព្រោះមានផលចំណេញច្រើនខាងផ្នែកសុខភាព។

បន្ថែមពីនេះ ក្រុមវេជ្ជបណ្ឌិត បានផ្តាំផ្ញើរទៀតថា ទោះបីជាមានប័ណ្ណ ប.ស.ស. នេះក៏ដោយ ក៏កុំភ្លេចថែទាំសុខភាពឱ្យជាប់ជាប្រចាំ ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ ពិសារអាហារឱ្យបានទៀងទាត់ និងការពិសារទឹកឱ្យបានច្រើនជាដើម។
ជុំវិញរឿងប័ណ្ណខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលកំពុងទទួលសេវាផ្នែកថែទាំសុខភាព តាមរយៈ បណ្ណ ប.ស.ស. បានបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ ដោយលើកឡើងថា ប័ណ្ណនេះ គឺជាអាយុជីវិតទី២របស់គាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់ នៅពេលមានបញ្ហាសុខភាព។ ពួកគាត់ បាននិយាយទៀតថា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។
បើតាម ឯកឧត្តមអគ្គនាយករង ប.ស.ស. រហូតមកដល់បច្ចុប្បន្ននេះ ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ ព្រោះថាមានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស៕ អត្ថបទ៖ ឈិត បូរ៉ាវី






