ប្រភពដែលដឹងពីដំណើរទស្សនកិច្ចនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា បេសកជនពិសេសរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺលោក Kirill Dmitriev នឹងទៅកាន់ទីក្រុងរមណីយដ្ឋានដាវ៉ូស (Davos) ប្រទេសស្វីស នៅសប្តាហ៍នេះ ហើយនឹងធ្វើកិច្ចប្រជុំជាមួយសមាជិកគណៈប្រតិភូសហរដ្ឋអាមេរិក ខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្របពេលកិច្ចប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន មានសន្ទុះ និងខណៈដែលសង្រ្គាមដ៏បង្ហូរឈាមជិតឈានដល់អាយុកាល ៤ឆ្នាំ។

អ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន លោក Rustem Umerov ក៏បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអាមេរិក លើដំណោះស្រាយនៃសង្គ្រាមជិត ៤ឆ្នាំជាមួយរុស្ស៊ី នឹងបន្តនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សប្តាហ៍នេះ។ លោកប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់មួយនេះដោយផ្ទាល់ ហើយលោកនឹងត្រូវអមដំណើរដោយគណៈប្រតិភូអាមេរិកដ៏ធំមួយក្រុម។

នៅខាងរុស្ស៊ីវិញ វិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងរៀបចំស្វាគមន៍លោក Steve Witkoff បេសកជនអាមេរិករបស់លោក Trump និងលោក Jared Kushner កូនប្រសាររបស់លោក Trump ទៅកាន់ទីក្រុងមូស្គូ សម្រាប់ការចរចាសន្តិភាពអ៊ុយក្រែន ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវកំណត់នៅឡើយទេ។

ខណៈដែលសន្តិភាពជាក់ស្ដែងនៅតែស្រពេចស្រពិល កិច្ចប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះហាក់កើនឡើងខ្លាំងចាប់តាំងពីចុងឆ្នាំ២០២៥ មក។ កាលពីថ្ងៃធ្នូកន្លងទៅ លោក Dmitriev បានទៅសហរដ្ឋអាមេរិក និងជួបពិភាក្សាអស់ ២ថ្ងៃជាមួយលោក Witkoff និងលោក Kushner។ ក្រោយមក លោក Witkoff និងលោក Kushner បានជួបពិភាក្សាជាមួយក្រុមមន្ត្រីមកពីអ៊ុយក្រែន និងអឺរ៉ុប។ នៅកម្រិតថ្នាក់ដឹកនាំ លោក Trump និងលោក Putin បានពិភាក្សាពីសង្គ្រាមអ៊ុយក្រែន ក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំមុន ដែលត្រូវបានសេតវិមាន ពិពណ៌នាថា មានភាព "វិជ្ជមាន"៕