ប្រជាពលរដ្ឋដែលរស់នៅអាហ្វហ្គានីស្ថាន និងជនភៀសខ្លួនដែលទើបត្រឡប់ពីអ៊ីរ៉ង់ និងប៉ាគីស្ថាន ទៅប្រទេសកំណើតដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះវិញ បានត្អូញត្អែរថា «ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ» ខណៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា មានមនុស្ស ១៧ លាននាក់ កំពុងទប់ទល់នឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការកាត់បន្ថយជំនួយអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់។

អ្នកនាំពាក្យរដ្ឋបាលអាហ្វហ្គានីស្ថាន លោក Zabiullah Mujahid បាននិយាយ «ជនអន្តោប្រវេសន៍ដែលទើបវិលទៅប្រទេសវិញ ទទួលបានជំនួយតាមដែលអាចធ្វើទៅបាន» ក្នុងវិស័យនានា រាប់ចាប់ពីការដឹកជញ្ជូនរហូតដល់លំនៅដ្ឋាន ការថែទាំសុខភាព និងម្ហូបអាហារ។ ប៉ុន្តែមន្រ្តីរូបនេះសង្កត់ធ្ងន់ថា «ជារឿងមិនអាចទៅរួចទេក្នុងការលុបបំបាត់ភាពក្រីក្រយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសមួយដែលរងទុក្ខវេទនាដោយសារជម្លោះអស់ ៤០ ឆ្នាំមកហើយ និងការបាត់បង់ប្រាក់ចំណូល ព្រមទាំងធនធានទាំងអស់របស់ខ្លួន ទោះបីជាមានកិច្ចប្រឹងប្រែងកសាងឡើងវិញយ៉ាងទូលំទូលាយក៏ដោយ»។
អង្គការ WFP និយាយថា អ៊ីរ៉ង់ និងប៉ាគីស្ថាន បានបណ្តេញជនជាតិអាហ្វហ្គានីស្ថានជាង ២,៥ លាននាក់ ក្នុងកម្មវិធីធ្វើមាតុភូមិនិវត្តន៍ដ៏ធំសម្បើម។ លោក John Aylieff នាយក WFP ប្រចាំអាហ្វហ្គានីស្ថាន បាននិយាយថា នៅពេលរដូវរងារីករាលដាលពាសប្រទេសនេះ ឱកាសការងារបានថយចុះ ខណៈរលកនៃជនអាហ្វហ្គានីស្ថាន ដែលវិលទៅប្រទេសវិញ បានបង្កើនចំនួនប្រជាជនដល់ទៅ ១ភាគ១០។
មន្រ្តីនៃទីភ្នាក់ជំនួយរូបនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា «ជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់កំពុងធ្វើការនៅអ៊ីរ៉ង់ និងប៉ាគីស្ថាន ហើយពួកគេកំពុងផ្ញើប្រាក់ត្រឡប់ទៅប្រទេសកំណើតវិញ» ដើម្បីជួយគ្រួសារដ៏ក្រីក្រ ហើយប្រាក់បញ្ញើទាំងនោះ «គឺជាខ្សែជីវិតសម្រាប់អាហ្វហ្គានីស្ថាន» ដោយបន្ថែមថា មនុស្ស ៣ លាននាក់ទៀត ឥឡូវនេះ កំពុងប្រឈមនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរបំផុត៕

