បុគ្គលិកផ្តល់ជំនួយ និងសាក្សី បាននិយាយកាលពីថ្ងៃចន្ទ ទី១៩ ខែមករាថា ទឹកជំនន់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាននៅក្នុងប្រទេសម៉ូសំប៊ិក និងបានធ្វើឱ្យមនុស្សមួយចំនួនជាប់គាំងនៅលើដំបូលផ្ទះ ខណៈទឹកកើនឡើងហូរចូលទីតាំងលំនៅឋាន។ ក្រុមជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត បានប្រើប្រាស់ទូកនេសាទតូចៗដើម្បីបានទៅដល់អ្នកប្រជាជនដែលជាប់គាំងខ្លួន។

សហព័ន្ធអន្តរជាតិនៃសង្គមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) ដែលកំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបាននិយាយថា ទឹកជំនន់បានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនជាង ៦២០.០០០ នាក់ ដោយមានលំនៅឋានជាង៧២.០០០ខ្នងត្រូវជន់លិច និងខូចខាតយ៉ាងច្រើនដល់ផ្លូវថ្នល់ ស្ពាន និងមណ្ឌលសុខភាព។

វីដេអូពីលើអាកាស បានបង្ហាញពីផ្ទៃដីដ៏ធំល្វឹងល្វើយលិចទឹក ដោយមានតែចុងដើមឈើប៉ុណ្ណោះដែលលេចចេញមក។ ពុំមានការប៉ាន់ស្មានភ្លាមៗអំពីចំនួនប្រជាជនដែលបានស្លាប់ ឬរងរបួសដោយទឹកជំនន់ចុងក្រោយនេះទេ។ ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ បានទទួលរងដោយគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុជាញឹកញាប់ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា កាន់តែធ្ងន់ធ្ងរឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។
ទីភ្នាក់ងារសារព័ត៌មានព័រទុយហ្គាល់ Lusa បានដកស្រង់សម្តីរបស់លោក Agostinho Vilanculos នាយកគ្រប់គ្រងធនធានទឹកជាតិ ដោយបានប្រៀបធៀបកម្រិតទឹកកាលពីសប្តាហ៍មុន ទៅនឹងកម្រិតទឹកក្នុងឆ្នាំ ២០០០ ដែលបានបណ្តាលឲ្យមនុស្សប្រហែល ៧០០ នាក់ស្លាប់។