មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ របស់ខ្លួនឱ្យខ្ពស់ជាងមុន កាលពីថ្ងៃចន្ទ (១៩ មករា) ខណៈអាជីវកម្ម និងសេដ្ឋកិច្ចសកល បានសម្របខ្លួនទៅនឹងពន្ធគយរបស់សហរដ្ឋអាមេរិក ដែលបានបន្ធូរបន្ថយខ្លះក្នុងប៉ុន្មានខែថ្មីៗនេះ ហើយការរីកចម្រើននៃការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាបន្តបន្ទាប់ បានជួយប៉ះបូវបញ្ហាជាច្រើនក្នុងពាណិជ្ជាកម្ម ព្រមទាំងជំរុញទ្រព្យសកម្ម និងការរំពឹងទុកនៃកំណើនផលិតភាព។

ក្នុងរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួន មូលនិធិ IMF បានធ្វើបច្ចុប្បន្នភាពការព្យាករអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) សកល ថានឹងកើនឡើង ៣,៣% នៅឆ្នាំ ២០២៦ ដែលជាកំណើន ០,២% ធៀបនឹងការប៉ាន់ស្មានចុងក្រោយបំផុតក្នុងខែតុលា កន្លងទៅ។ IMF បាននិយាយថា ការប៉ាន់ស្មាននេះដូចទៅនឹងកំណើន ៣,៣% នៅឆ្នាំ ២០២៥ ដែលបញ្ជាក់ពីកំណើនដ៏មានស្ថិរភាព។

ស្ថាប័នផ្តល់ប្រាក់កម្ចីសកលក្នុងគ្រាមានវិបត្តិមួយនេះ ក៏បានព្យាករថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៧ នឹងមានចំនួន ៣,២% ដែលមិនផ្លាស់ប្តូរពីការព្យាករពីមុនឡើយ។ IMF បានកែសម្រួលអត្រាកំណើនសកលឱ្យខ្ពស់ជាងមុន ចាប់តាំងពីខែកក្កដា ឆ្នាំមុនមក ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលបានបន្ថយអត្រាពន្ធសកលដ៏ច្រើនរបស់អាមេរិក កាលពីខែមេសា ឆ្នាំ២០២៥។
ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បានប្រាប់អ្នកយកព័ត៌មានថា «ក្រុមមន្រ្តី IMF មើលឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់» ដោយបន្ថែមថា ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ និង ២០២៦ របស់មូលនិធិនេះ ឥឡូវនេះ លើសពីការព្យាករដែលបានធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២៤ មុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump ឡើងតំណែងអាណត្តិទីពីរ៕