ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃអង្គារ (២០ មករា) នេះថា ហាក់ដូចជាមានចន្លោះប្រហោងមួយនៅក្នុងប្រព័ន្ធត្រួតពិនិត្យរបស់ទីក្រុងសេអ៊ូល ក្នុងការអង្កេតមើលយានដ្រូនដំណើរការដោយជនស៊ីវិល ដែលហោះហើរចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយព្រមានថា ឧប្បត្តិហេតុបែបនេះប្រឈមនឹងហានិភ័យនៃការបង្កើនភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង ហើយអំពាវនាវឱ្យមានការពង្រឹងបន្ថែម។

កាលពីដើមខែនេះ កូរ៉េខាងជើង បានរិះគន់ការបង្កហេតុ បន្ទាប់ពីយានដ្រូន ១គ្រឿង មកពីកូរ៉េខាងត្បូង ត្រូវបានបង្ហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួននាពេលថ្មីៗនេះ ដោយបានបង្ហាញរូបថតនៃកម្ទេចកម្ទី និងរូបភាពពីលើអាកាសនៃអគារមួយចំនួន ដែលខ្លួនអះអាងថា យានដ្រូននោះបានបើកពីលើនឹងផ្ដិតយករូបភាព។ នគរបាលបាននិយាយថា ក្រុមការងារកូរ៉េខាងត្បូងមួយក្រុម ដែលស៊ើបអង្កេតឧប្បត្តិហេតុនេះ បានកោះហៅជនសង្ស័យស៊ីវិលម្នាក់ទៅសាកសួរចម្លើយ។
ថ្លែងប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកញ្ចក់ទូរទស្សន៍ លោក Lee បានលើកឡើងថា «ករណីដែលជនស៊ីវិលបញ្ជូនយានដ្រូនទៅកាន់កូរ៉េខាងជើង សម្រាប់គោលបំណងខុសច្បាប់ គឺមិនគួរកើតឡើងនោះទេ» ដោយលើកឡើងពីបរាជ័យរបសអាជ្ញាធរក្នុងការត្រួតពិនិត្យយានដ្រូនបែបនេះ។
លោក Lee បន្តថា សកម្មភាពបែបនេះគឺ «ស្រដៀងនឹងការចាប់ផ្តើមសង្គ្រាម» ហើយបានបង្កើតភាពតានតឹងដែលមិនចាំបាច់ជាមួយកូរ៉េខាងជើង ដែលអាចមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងធានាថា ឧប្បត្តិហេតុបែបនេះនឹងមិនកើតឡើងម្តងទៀតជាដាច់ខាត៕

