ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អាមេរិក ដែលពូកែទូន្មានគេ អំពីបញ្ហាសិទ្ធិមនុស្ស កំពុងប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ លោក អាន សុខខឿន បានវាយបកទៅកាន់ប្រតិភូសហរដ្ឋអាមេរិកវិញ បន្ទាប់ពីពួកគេបានចោទប្រកាន់កម្ពុជាដដែលជាដដែល ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ខណៈសហរដ្ឋអាមេរិកខ្លួនឯងកាលពីឆ្នាំ២០២១កន្លងទៅ បានចាប់មនុស្សជាង៧០០នាក់ ក្រោយពីពួកគេបញ្ចេញមតិផ្ទុយ ហើយបានសម្រុកចូលវិមានរដ្ឋសភាអាមេរិក រួមទាំងអ្នកកាសែតចំនួន៥០ផងដែរនោះ។
នៅក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ លោក អាន សុខឿន បានលើកឡើងដូច្នេះថា៖ «ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត»។
លោកបានបញ្ជាក់បន្ថែមទៀតថា« នៅឆ្នាំ២០២១ មនុស្សជាង ៧០០នាក់ ដែលបានបញ្ចេញមតិផ្ទុយ នៅសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើស បន្ទាប់ពីបានសម្រុកចូលវិមានសភា។
ក្នុងឆ្នាំដដែលនោះ អ្នកកាសែតជាង ៥០នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន នៅទូទាំងសហរដ្ឋអាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់អតីតប្រធានាធិបតី ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយ»។
បើតាមតំណាងអចិន្រ្តៃយ៍របស់កម្ពុជារូបនេះ បានលើកឡើងទៀតថា ប្រការដែលសហរដ្ឋអាមេរិកយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាអាវុធវាយប្រហារ ដើម្បីបម្រើរបៀបវារៈនយោបាយ ត្រូវបានគណៈប្រតិភូជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដ៏ឧត្ដុង្គឧត្ដមនេះ បានដឹងឮយ៉ាងច្បាស់។ ទន្ទឹមនឹងការអំពាវនាវឱ្យគណៈប្រតិភូខាងលើ ធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិនធ្វើនយោបាយូបនីកម្ម ហើយលោកសូមឆ្លៀតឱកាសនេះ លើកឡើងនូវការពិតមួយចំនួនអំពីកម្ពុជាដូចជា៖ ការថ្លែងថា គណបក្សប្រឆាំងគឺជាគោលដៅនៃការវាយប្រហារ គឺពុំត្រឹមត្រូវទាល់តែសោះ។ ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ដោយនិទណ្ឌភាពឡើយ។
បុគ្គលរងការចោទប្រកាន់ គឺផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារបុគ្គលនោះជានរណានោះទេ។ ឧទាហរណ៍ជាច្រើនបានបង្ហាញថា បុគ្គលគាំទ្របក្សកាន់អំណាច ក្នុងករណីបំពានច្បាប់ក៏ត្រូវបានផ្តន្ទាទោស ដោយតុលាការដូចគ្នារបស់កម្ពុជា។
យើងខ្ញុំជំទាស់ចំពោះការចោទប្រកាន់អំពីការបិទលំហសង្គមស៊ីវិល។ តួលេខប្រាប់ពីការពិតបាន។ ប្រសិនសេរីភាពសង្គមស៊ីវិលត្រូវបានរឹតត្បិត ចុះហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី នៅតែបន្តកើនឡើងរហូតដល់ចំនួនជិត ៦០០០ អង្គការ? ការពិតនោះគឺថា ការចោទប្រកាន់ខាងលើ កើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច ដែលមាននិន្នាការធ្វើនយោបាយូបនីកម្មខ្លាំងក្លា និងបានទទួលថវិកាគាំទ្រពីបរទេស ខំស្រែកទាមទារតម្លាភាព ក៏ប៉ុន្តែអង្គការទាំងនោះបែរជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាព ខ្លួនទៅវិញ។ ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិលមួយចំនួននោះ ក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួចហើយលើមាត្រាចំនួន១១ ក្នុងចំណោម ១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្ម។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពី វេទិកាពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាលពីរដងក្នុងមួយឆ្នាំផងដែរ។ ដោយពេលវេលាមានកំណត់ យើងខ្ញុំសូមស្នើគណៈប្រតិភូសហរដ្ឋអាមេរិកស្វែងយល់ អំពីសេចក្តីថ្លែងការណ៍របស់យើងខ្ញុំ ដែលបានថ្លែងនៅមុននេះបន្តិច ទាក់ទងនឹងសំណួរនៃការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្ម។
តាមរយៈកិច្ចប្រជុំនេះដែរលោក អាន សុខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់នាពេលកន្លងមកថា«សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃ ដោយស្តង់ដារពីរឡើយ» ប្រសិនបើយើងចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។
យ៉ាងណាក៏ដោយ តំណាងអចិន្រ្តៃយ៍កម្ពុជារូបនេះ បានលើកឡើងផងដែរថា ការលើកតម្កើងសិទ្ធិ និងសេរីភាពទាំងអស់ គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។
ដូចដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នាពេលថ្មីៗនេះថា ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួនយ៉ាងដូច្នេះដែរ៕
អត្ថបទ៖ បាន ចក់
