ក្រសួងមហាផ្ទៃស៊ីរី បាននិយាយនៅថ្ងៃអង្គារ (២០ មករា) នេះថា អ្នកទោសដែលជាសមាជិកក្រុមរដ្ឋអ៊ិស្លាម (IS ឬ ISIS) ប្រហែល ១២០នាក់ បានរត់គេចខ្លួនពីពន្ធនាគារ Shaddadi បន្ទាប់ពីគេហទំព័រ Rudaw របស់ជនជាតិឃឺដ បានរាយការណ៍នៅមុននោះថា អ្នកនាំពាក្យរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ គឺលោក Farhad Shami បានអះអាងថា សមាជិកក្រុមភេរវកម្មនេះប្រហែល ១.៥០០នាក់ បានរត់គេចខ្លួន។

ក្រសួងស៊ីរី បាននិយាយថា អង្គភាពកងទ័ពស៊ីរី និងកងកម្លាំងពិសេសរបស់ក្រសួង បានចូលទៅតំបន់ពន្ធនាគារ Shaddadi បន្ទាប់ពីហេតុការណ៍នេះ ដោយបន្ថែមថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនជនរត់គេច ចំនួន ៨១ នាក់ មកវិញហើយ បន្ទាប់ពីប្រតិបត្តិការស្វែងរក និងបោសសម្អាតនៅក្នុងទីក្រុង និងតំបន់ជុំវិញ ខណៈកិច្ចប្រឹងប្រែងកំពុងបន្តដើម្បីតាមចាប់ខ្លួនជនរត់គេច ដែលនៅសេសសល់។
នៅមុននោះ កងទ័ពស៊ីរីបាននិយាយថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម «មួយចំនួន» បានរត់គេចចេញពីពន្ធនាគារមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំង SDF នៅទីក្រុង Shaddadi ភាគខាងកើត ដោយចោទប្រកាន់ក្រុម SDF ថា បានដោះលែងពួកគេ។
ការចោទប្រកាន់ និងការអះអាងផ្ទុយគ្នាទាំងនេះ បានកើតឡើងបន្ទាប់ពីការប្រយុទ្ធអស់ជាច្រើនថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាល ជាមួយក្រុម SDF បានបញ្ចប់ទៅ នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីថ្ងៃអាទិត្យ ហើយក្រុម SDF ក៏បានដកថយចេញពីខេត្តទាំងពីរដែលពួកគេបានគ្រប់គ្រងអស់ជាច្រើន គឺខេត្ត Raqqa និង Deir al-Zor ឆ្នាំ ដែលមានប្រជាជនអារ៉ាប់ភាគច្រើន និងជាទីតាំងនៃវាលប្រេងសំខាន់ៗរបស់ប្រទេសស៊ីរី៕


