អ្នកស្រុកបាននិយាយកាលពីថ្ងៃចន្ទ ថា ទាហាន និងអ្នកប្រយុទ្ធកុងហ្គោ មកពីកងជីវពលគាំទ្ររដ្ឋាភិបាល បានចូលទៅជាថ្មីក្នុងទីក្រុងUvira ភាគខាងកើត រយៈពេលជាងមួយខែបន្ទាប់ពីទីក្រុងនេះបានធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមឧទ្ទាមM23 គាំទ្រដោយប្រទេសរ៉្វាន់ដា ជាការជំរុញមួយចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលសម្របសម្រួលដោយរដ្ឋបាលលោក Trump។

ក្រុម M23 បានចូលទៅក្នុងទីក្រុង Uvira ជាមូលដ្ឋានសំខាន់មួយសម្រាប់កងទ័ពកុងហ្គោនៅជិតព្រំដែនជាមួយប្រទេសប៊ូរុនឌី កាលពីថ្ងៃទី១០ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi និងមេដឹកនាំរ៉្វាន់ដា លោក Paul Kagame បានជួបជាមួយលោកប្រធានាធិបតី Donald Trump នៅទីក្រុងវ៉ាស៊ីនតោន និងបានបញ្ជាក់ជាថ្មីនូវកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ការដណ្តើមយក បានបង្ហាញការទទួលបានធំបំផុតរបស់ក្រុមឧទ្ទាមក្នុងរយៈពេលប៉ុន្មានខែ ដែលជំរុញឱ្យមានការព្រួយបារម្ភពីការរីករាលដាលក្នុងតំបន់ពីការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់សែននាក់ត្រូវភៀសខ្លួនចេញកាលពីឆ្នាំមុន។
ក្រុម M23 បានធ្វើការវាយប្រហារលឿនដូចផ្លេកបន្ទោរកាលពីក្នុងខែមករា ឆ្នាំ២០២៥ ហើយនៅតែកាន់កាប់ទឹកដីច្រើនជាងពេលណាៗទាំងអស់ រួមមានទាំងទីក្រុង Goma និងទីក្រុង Bukavu ជារដ្ឋធានីនៃខេត្ត North Kivu និងខេត្ត South Kivu។ បន្ទាប់ពីលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយកាលពីខែធ្នូថា សកម្មភាពរបស់ប្រទេសរ៉្វាន់ដានៅភាគខាងកើតប្រទេសកុងហ្គោដែលសម្បូរទៅដោយរ៉ែ កំពុងរំលោភលើកិច្ចព្រមព្រៀងសន្តិភាព ក្រុមM23បានសន្យាថានឹងដកថយពីទីក្រុង Uvira ដើម្បីផ្តល់ឱកាសឱ្យមានការចរចាសន្តិភាព។