ប្រទេសអូស្ត្រាលី ត្រៀមអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យមានការទិញអាវុធត្រឡប់មកវិញ និងរឹតបន្តឹងការត្រួតពិនិត្យសម្រាប់អាជ្ញាប័ណ្ណប្រើប្រាស់កាំភ្លើង ក្នុងការឆ្លើយតបទៅនឹងការបាញ់ប្រហារទ្រង់ទ្រាយធំបំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ នៅក្នុងពិធីបុណ្យជ្វីហ្វ កាលពីខែមុន។

សេចក្តីស្នើច្បាប់នេះ បានអនុម័តដោយសភានៅថ្ងៃអង្គារ ទី២០ ខែមករានេះ ដោយសំឡេង៩៦ ទល់នឹង៤៥ ទោះបីជាត្រូវបានជំទាស់ដោយសមាជិកសភាអភិរក្សនិយមក៏ដោយ។ ពេលនេះសេចក្តីស្នើច្បាប់នឹងទៅដល់ព្រឹទ្ធសភា ជាកន្លែងដែលវាត្រូវបានគេរំពឹងថានឹងអនុម័តដោយមានការគាំទ្រពីគណបក្ស Greens party ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tony Burke បាននិយាយ ខណៈលោកបានដាក់ចេញច្បាប់ថ្មីថា ការវាយប្រហារកាលពីថ្ងៃទី១៤ ខែធ្នូ នៅឆ្នេរ Bondi បានសម្លាប់មនុស្ស១៥នាក់ ត្រូវបានអនុវត្តដោយបុគ្គលដែលមាន «ការស្អប់ខ្ពើមនៅក្នុងចិត្តរបស់ខ្លួន និងមានកាំភ្លើងនៅក្នុងដៃ» ។
វិធានការថ្មីទាំងនេះ នឹងបង្កើតផែនការទិញអាវុធត្រឡប់មកវិញទ្រង់ទ្រាយធំបំផុតចាប់តាំងពីផែនការមួយត្រូវបានអនុវត្តបន្ទាប់ពីការសម្លាប់រង្គាលក្នុងឆ្នាំ១៩៩៦ នៅ Port Arthur រដ្ឋTasmania ជាកន្លែងដែលខ្មាន់កាំភ្លើងតែម្នាក់បានសម្លាប់មនុស្ស៣៥នាក់។ ពួកគេក៏នឹងដាក់ចេញការត្រួតពិនិត្យប្រវត្តិកាន់តែតឹងរ៉ឹងសម្រាប់អាជ្ញាប័ណ្ណអាវុធដែលចេញដោយរដ្ឋនានារបស់ប្រទេសអូស្ត្រាលី ដោយទាញយកព័ត៌មានគ្រប់គ្រងដោយអង្គភាពចារកម្មសន្តិសុខអូស្ត្រាលី។