ប្រណាំងយានយន្ត៖ ការប្រកួតប្រណាំងយានយន្តឆ្លងវាលខ្សាច់ Abu Dhabi Desert Challenge បានឈានដំណាក់កាលទី៤ នៅថ្ងៃពុធម្សិលមិញនេះ ខណៈដែលជ័យជំនះបានទៅកីឡាករកាតា Nasser Al-Attiyah និងកីឡាករអាហ្សង់ទីន Luciano Benavides។

សំរាប់ការប្រកួតផ្នែករថយន្ត Nasser Al-Attiyah បានយកឈ្នះ ៣ដំណាក់កាលជាប់គ្នាមកហើយ តែកីឡាករបារាំង Stephen Peterhansel នៅតែបន្តនាំមុខគេដដែល និងខិតជិតគ្រងជើងឯក Abu Dhabi Desert Challenge នេះលើកទី៧ ផងដែរ។ Peterhansel បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងដំណាក់កាលទី៤ នេះ តែពន្លាតវេលានាំមុខលើអ្នកលេខ២ ជើងឯកឆ្នាំ២០១៨ Martin Prokop ដល់ទៅ ៣៣នាទី ២១វិនាទី។
ថ្ងៃព្រហស្បតិ៍នេះជាដំណាក់កាលចុងក្រោយហើយ ខណៈ Stephen Peterhansel សំឡឹងឃើញជើងឯកលើកទី៧ របស់ខ្លួនផងដែរ។ ងាកមកការប្រកួតផ្នែកម៉ូតូវិញ ជើងឯកនៅតែប្រកៀកប្រកិតគ្នាមិនមានអ្នកណាឈ្នះដាច់ឡើយដោយមានគំលាតពីគ្នាត្រឹម ២នាទី ៣៤វិនាទីប៉ុណ្ណោះ ខណៈជ័យជំនះដំណាក់កាលទី៤ បានទៅកីឡាករអាហ្សង់ទីន Luciano Benavides៕
អត្ថបទ៖នាង សុភាវុធ