សេចក្ដីរាយការណ៍របស់សារព័ត៌មាន The Guardian កាលពីថ្ងៃចន្ទ (១៩ មករា) — ដោយសម្អាងដល់គម្រោងបើកចំហមួយ ដែលជាកិច្ចសហការរវាងសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Connecticut នៅសហរដ្ឋអាមេរិក — បានឱ្យដឹងថា ក្នុងរយៈពេលគិតចាប់តាំងពីពេលដែលលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងជាថ្មី ចំនួននៃការតវ៉ានៅសហរដ្ឋអាមេរិក បានហក់ឡើងខ្លាំងធៀបនឹងរយៈពេលដូចគ្នានៃរដ្ឋបាលដំបូងរបស់លោក។

ទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកមើលឃើញការតវ៉ាជាង ១០.៧០០ លើក នៅឆ្នាំ២០២៥ ដែលជាកំណើន ១៣៣% ពីតួលេខ ៤.៥៨៨លើក ដែលបានកត់ត្រាក្នុងឆ្នាំ២០១៧ ពោលគឺជាឆ្នាំដំបូងនៃអាណត្តិទីមួយរបស់លោក Trump។ ទិន្នន័យបន្តថា តំបន់ភាគច្រើនរបស់សហរដ្ឋអាមេរិក - រួមទាំងអត្រា ៤២% នៃតំបន់ដែលបានបោះឆ្នោតឱ្យលោក Trump - មានការតវ៉ាយ៉ាងហោចណាស់ ១លើក ចាប់តាំងពីលោកចូលកាន់តំណែងជាថ្មីកាលពីឆ្នាំមុន។

ការតវ៉ាបានកើតឡើងក្រោមហេតុផលជាច្រើនដូចជា បញ្ហាការថែទាំសុខភាពយុវជនប្តូរភេទកាលពីដើមឆ្នាំ២០២៥ ការតវ៉ាប្រឆាំងនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលនៅសង្រ្គាមហ្កាហ្សា និង "យុទ្ធនាការទម្លាក់យីហោ Tesla" ប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់លោក Elon Musk ក្នុងការរុះរើរដ្ឋាភិបាលសហព័ន្ធ ក៏ដូចជាការតវ៉ាប្រឆាំងនឹងភ្នាក់ងារអន្តោប្រវេសន៍ ICE ខណៈដែលភ្នាក់ងារសហព័ន្ធ បានឆ្មក់ចូលទីក្រុងនានារបស់សហរដ្ឋអាមេរិក។ ប្រជាជនអាមេរិក ទាំងនោះបានចេញតាមដងផ្លូវដើម្បីបង្ហាញការតស៊ូជំទាស់របស់ពួកគេ ចំពោះគោលនយោបាយរបស់រដ្ឋបាលលោក Trump៕

