លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា លោកស្រីមិនទាន់អាចវាស់វែងផលប៉ះពាល់សេដ្ឋកិច្ច មកពីភាពតានតឹងលើកោះហ្រ្គីនលែន (Greenland) បាននៅឡើយទេ ប៉ុន្តែបានសម្ដែងក្ដីកង្វល់ថា បញ្ហានេះអាចជាឧបសគ្គសម្រាប់កំណើនសេដ្ឋកិច្ចសកល។

ថ្លែងប្រាប់ទូរទស្សន៍ Bloomberg កាលពីថ្ងៃចន្ទ (១៩ មករា) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី Georgieva បានលើកឡើងថា ស្ថាប័នរបស់លោកស្រី បានវិភាគពីភាពអាចដែលទៅរួចជាច្រើន ហើយបានមើលឃើញថា បញ្ហាទាំងនេះអាចធ្វើឱ្យពាណិជ្ជកម្មងាកចេញពីផ្លូវត្រឹមត្រូវ ឬរាំងស្ទះដល់កំណើន «ទោះតិចឬច្រើនក៏ដោយ»។ លោកស្រីបន្តថា «មធ្យោបាយដ៏ល្អបំផុតដើម្បីឆ្ពោះទៅមុខ គឺជាការស្វែងរកផ្លូវមួយឆ្ពោះទៅរកកិច្ចព្រមព្រៀង ហើយនោះនឹងល្អសម្រាប់គ្រប់គ្នានោគ្រប់ទីកន្លែង»។
ការអត្ថាធិប្បាយរបស់ប្រធាន IMF រូបនេះ បានកើតឡើងបន្ទាប់ពីការគំរាមកំហែងកាលពីថ្ងៃសៅរ៍កន្លងទៅ របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលថា អាមេរិកនឹងដាក់ពន្ធ ១០% លើការនាំចូលពីប្រទេសអឺរ៉ុបចំនួន៨ លុះត្រាតែមានកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ទិញយកកោះហ្រ្គីនលែន។
កាលពីថ្ងៃចន្ទ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនចក្ខុវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២៦នេះ ប៉ុន្តែក៏បានព្រមានថា ខណៈដែលបញ្ញាសិប្បនិម្មិត AI បានជួយទប់ឧបសគ្គខ្លះ ក្ដីបារម្ភអំពីការរីកលូតលាស់លឿនពេកនៃ AI នៅតែមាន ហើយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ នៅតែជាហានិភ័យ៕

