នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់មួយទៅកាន់អ៊ីរ៉ង់កាលពីថ្ងៃចន្ទថា ដោយប្តេជ្ញាថា នឹងឆ្លើយតបដោយយោធាដែលមិនធ្លាប់មានពីមុនមក ប្រសិន បើទីក្រុងតេអេរ៉ង់វាយប្រហារប្រទេសរបស់ខ្លួន។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់សម័យប្រជុំនៃសភាថា៖«ប្រសិនបើអ៊ីរ៉ង់ធ្វើខុស ហើយវាយប្រហារយើង យើងនឹងធ្វើសកម្មភាពជាមួយកម្លាំង ដែលប្រទេសនេះមិនទាន់ដឹងនៅឡើយ»។
លោកបាននិយាយថា អ៊ីស្រាអែលកំពុងតាមដានអ៊ីរ៉ង់ «យ៉ាងដិតដល់» ដោយព្រមានថា «គ្មាននរណាម្នាក់អាចទស្សន៍ទាយពីអនាគតសម្រាប់អ៊ីរ៉ង់បានទេ ប៉ុន្តែវានឹងមិនត្រឡប់ទៅអ្វីដែលវាធ្លាប់មាននោះទេ» ដោយបាននិយាយសំដៅដល់ផលវិបាកដែលមិនអាចជួសជុលបានសម្រាប់ទីក្រុងតេអេរ៉ង់ នៅក្នុងជម្លោះណាមួយ។

ការអតា្ថធិប្បាយនេះ បានធ្វើឡើង នៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងផ្លាស់ទីក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលដំណើរការដោយថាមពលនុយក្លេអ៊ែរទៅកាន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់។
ដោយឡែកពីគ្នានោះ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងអំពីផែនការដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រងក្រោយសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលក្នុងនោះមន្ត្រីទួរគី និងកាតាត្រូវបានគេលើកឡើងថា ជាអ្នកចូលរួមដែលអាចធ្វើទៅបាននៅក្នុង «ក្រុមប្រឹក្សាសន្តិភាព» ដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាប្រធាន។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«យើងមានការខ្វែងគំនិតគ្នាមួយចំនួនជាមួយមិត្តភក្តិរបស់យើងនៅសហរដ្ឋអាមេរិកលើសមាសភាពនៃក្រុមប្រឹក្សាយោបល់ដែលនឹងជួយជំរុញដំណើរការនានានៅក្នុងតំបន់ហ្កាហ្សា» ដោយបន្ថែមថា ទាំងទាហានទួរគី និងកាតា នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់នេះទេ៕