អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃអាទិត្យថា ជំហរដែលរដ្ឋអឺរ៉ុបមួយចំនួន បានអនុម័តក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លើភាពចលាចលថ្មីៗនៅអ៊ីរ៉ង់ គឺមិនអាចទទួលយកបាន និងមិនសមហេតុផលនោះទេ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកបានពន្យល់លម្អិតអំពីការវាយតម្លៃរបស់ក្រសួងអំពីជំហរអរិភាពរបស់ប្រទេសអឺរ៉ុបមួយចំនួន ជាពិសេសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលលោកបាននិយាយថា ត្រូវបានអនុម័ត ខណៈពេលដែលមិនអើពើនឹងការពិតជាក់ស្តែងទេ។

លោកបាននិយាយថា៖«ភាគីអឺរ៉ុបដឹងយ៉ាងច្បាស់អំពីអ្វីដែលបានកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ នៅចន្លោះថ្ងៃទី ០៨ និងទី១០ ខែមករា ក្នុងអំឡុងពេលដែលការតវ៉ាដោយសន្តិវិធីរបស់ជនជាតិអ៊ីរ៉ង់ បាន ប្រែក្លាយទៅជាហិង្សា បន្ទាប់ពីការចូលរបស់បុគ្គលភេរវកម្ម និងអ្នកដែលស្វែងរកបង្កអំពើហិង្សា ដែលត្រូវបានបណ្តុះបណ្តាល និងបំពាក់អាវុធនៅបរទេស»។
លោក Baghaei បានកត់សម្គាល់ថា៖«ទោះបីជាពួកគេ (ជនជាតិអឺរ៉ុប) បានដឹងអំពីការពិតនេះក៏ដោយ ពួកគេបានចាប់ផ្តើមធ្វើឲ្យបរិយាកាសប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ កាន់តែមានភាពតានតឹងឡើង»។
លោកបាននិយាយថា វិធីសាស្ត្របែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អឺរ៉ុប ក្នុងនាមជាអ្នកមានឥទ្ធិពលដែលមានសមត្ថភាពក្នុងការដើរតួនាទីស្ថាបនាក្នុងការអភិវឌ្ឍអន្តរជាតិ៕