ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការអនុវត្តយ៉ាងឆាប់រហ័ស និងពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងសមាហរណកម្មថ្មី ដែលបានចុះហត្ថលេខាដោយអាជ្ញាធរបណ្ដោះអាសន្នស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក អឺដូហ្កាន់ បាននិយាយថា បទឈប់បាញ់ និងការធ្វើសមាហរណកម្មពេញលេញនូវយុទ្ធជនឃើដទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ស៊ីរី ត្រូវតែអនុវត្តដោយពុំមានការពន្យារពេល។

លោកប្រធានាធិបតីទួរគី បាននិយាយថា ទីក្រុងអង់ការ៉ាជឿជាក់ថា ប្រទេសស៊ីរីដែលរួបរួមគ្នាជាមួយនឹងបូរណភាពទឹកដីពេញលេញ គឺមិនអាចខ្វះបានសម្រាប់វិបុលភាពនៃតំបន់ដ៏ទូលំទូលាយនេះ។
លោកបាននិយាយថា ប្រទេសទួរគីនឹងបន្តគាំទ្រប្រទេសស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរបណ្ដោះអាសន្នស៊ីរី និង SDF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានគោលបំណងបញ្ចប់អរិភាព និងដោះស្រាយជម្លោះសន្តិសុខ និងរដ្ឋបាលយូរអង្វែង នៅភាគខាងជើងប្រទេសស៊ីរី។
ប្រទេសទួរគីចាត់ទុក SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលគ្រប់គ្រងផ្នែកធំៗនៃភាគឦសានប្រទេសស៊ីរី ជាអង្គការភេរវកម្ម។ ទីក្រុងអង់ការ៉ា និយាយថា SDF ត្រូវបានគ្របដណ្ដប់ដោយអង្គភាពការពារប្រជាជនឃើដ ដែលជាផ្នែកមួយរបស់គណបក្សកម្មករឃើដ ដែលបានធ្វើយុទ្ធនាការប្រដាប់អាវុធប្រឆាំងនឹងរដ្ឋទួរគី ចាប់តាំងពីឆ្នាំ ១៩៨៤៕