រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) បានព្រមានបណ្ដាប្រទេស នៅតំបន់អឺរ៉ុប កុំឲ្យសងសឹកវិញ ចំពោះការដំឡើងពន្ធរបស់លោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងការគ្រប់គ្រងកោះ Greenland។

នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងរមណីយដ្ឋានជិះស្គី Davos របស់ប្រទេសស្វីស លោក Bessent បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគិតថា វាគឺជាទង្វើមិនវៃឆ្លាតទាល់តែសោះ»។ លោកបានបញ្ជាក់ថា លោក Trump ចង់គ្រប់គ្រងទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ពីព្រោះលោកចាត់ទុកថា វាជា «ធនធានយុទ្ធសាស្ត្រ» ហើយ «យើងនឹងមិនបណ្ដោយឲ្យសន្តិសុខអឌ្ឍគោលរបស់យើងរបូតទៅក្នុងដៃរបស់នរណាម្នាក់ផ្សេងឡើយ»។
នៅពេលត្រូវបានសួរអំពីសាររបស់លោក Trump ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីន័រវ៉ែស ដែលលោកហាក់ដូចជាភ្ជាប់ករណីដែនដី Greenland ទៅនឹងការដែលមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព លោក Bessent បានឆ្លើយតបថា៖ «ខ្ញុំមិនបានដឹងអ្វីឡើយ អំពីលិខិតរបស់ប្រធានាធិបតីផ្ញើទៅកាន់ប្រទេសន័រវ៉ែស»។ តែលោកបានបន្ថែមថា លោកគិតថា វាគឺជា «ការនិយាយមិនពិតនោះឡើយ ដែលលោកប្រធានាធិបតី នឹងធ្វើបែបនេះ ដោយសារតែពានរង្វាន់ណូបែល»។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងមក លោក Trump បានអះអាងថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវ៉ែស និងស៊ុយអែត នឹងត្រូវរងអត្រាពន្ធ ១០ភាគរយ លើទំនិញទាំងអស់ដែលបាននាំទៅសហរដ្ឋអាមេរិក រហូតទាល់តែដាណឺម៉ាកយល់ព្រមប្រគល់កោះ Greenland៕
