ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានអញ្ជើញឲ្យចូលរួមជាសមាជិកនៃគំនិតផ្តួចផ្តើម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ជាស្ថាប័នដែលត្រូវបានបង្កើតឡើង ដោយមានគោលបំណងដោះស្រាយជម្លោះសកល ក្នុងនោះរួមទាំងដំណាក់កាលទី ២ នៃផែនការសន្តិភាពហ្កាហ្សារបស់លោក។
ពាក់ព័ន្ធករណីនេះ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក (Putin) ត្រូវបានអញ្ជើញ»។

កាលពីព្រឹកថ្ងៃចន្ទ វិមានក្រឹមឡាំង បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Putin បានទទួលការអញ្ជើញឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាព ហើយថា ទីក្រុងមូស្គូកំពុងពិនិត្យមើលសំណើនេះ ដោយបង្ហាញនូវក្តីសង្ឃឹម ក្នុងការមានទំនាក់ទំនងនាពេលអនាគតជាមួយទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងដំណើរការនេះ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក បានអញ្ជើញមេដឹកនាំពិភពលោកជាច្រើន ដើម្បីក្លាយជាសមាជិកស្ថាបនិកនៃគណៈកម្មាធិការហ្កាហ្សា ដែលជាផ្នែកមួយនៃផែនការ ២០ចំណុចរបស់លោក ដើម្បីធានាសន្តិភាពយូរអង្វែង និងការកសាងតំបន់ហ្កាហ្សាឡើងវីញ បន្ទាប់ពីមានសង្គ្រាមបង្ហូរឈាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងដែនដីប៉ាឡេស្ទីន។
ការស្នើទៅលោក Putin នេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ជាភ្លើងសង្គ្រាមដែលបានឆាបឆេះអស់រយៈពេលជិត ៤ឆ្នាំហើយ៕
