ដោយធ្វើអត្ថាធិប្បាយអំពីការវិវត្តថ្មីៗជុំវិញកោះហ្គ្រីនលែន បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស លោក Kirill Dmitriev បាននិយាយថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស «គ្មានអំណាច» លើបញ្ហានេះ។

លោក Dmitriev បានសរសេរនៅលើបណ្តាញសង្គម X ថា៖«សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស គ្មានឥទ្ធិពលអ្វីទេ » ដោយបានរំលឹកឡើងវិញនូវជម្លោះពាក្យសម្តីកាលពីឆ្នាំមុន រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ដែលមេដឹកនាំអាមេរិករូបនេះ បាននិយាយថា គូប្រជែងរបស់លោក «គ្មានឥទ្ធិពលទេ»។
នាពេលមុននេះ លោក ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមដាក់ពន្ធនាំចូល ១០% លើចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ ន័រវែស ហ្វាំងឡង់ បារាំង និងស៊ុយអែត ដែលនឹងនៅតែមានសុពលភាពរហូតដល់ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរកោះហ្គ្រីនលែនទៅសហរដ្ឋអាមេរិកទាំងស្រុង។ លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តនេះ នឹងចូលជាធរមាននៅថ្ងៃទី ០១ ខែកុម្ភៈ ដោយបន្ថែមថា ចាប់ពីថ្ងៃទី ០១ ខែមិថុនា ពន្ធនឹងកើនឡើងដល់ ២៥%៕

