ប្រមុខអង្គការសិទ្ធិមនុស្សសកល Amnesty International (អង្គការលើកលែងទោសអន្តរជាតិ) កាលពីថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) បានជំរុញឲ្យបណ្ដាប្រទេស នៅតំបន់អឺរ៉ុប ឈប់ «ចុះញ៉ម» ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយងើបតទល់ជាមួយលោក និង «អ្នកសម្លុតកំហែង» ផ្សេងទៀត ដោយបានបញ្ជាក់ថា ជាគោលបំណងបំផ្លាញសណ្តាប់ធ្នាប់មានច្បាប់ជាមូលដ្ឋាន ចាប់តាំងពីសង្គ្រាមលោកលើកទី២។
ក្នុងបទសម្ភាសន៍មួយ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos ប្រទេសស្វីស អគ្គលេខាធិការអង្គការលើកលែងទោសនេះ គឺលោកស្រី Agnes Callamard បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងត្រូវការការតទល់បន្ថែមទៀត។ ភាពគួរឲ្យជឿជាក់បានរបស់អឺរ៉ុប កំពុងស្ថិតក្នុងហានិភ័យ»។

ការអត្ថាធិប្បាយរបស់លោកស្រី បានកើតឡើងនៅពេលដែលលោក Trump បានបង្កើនការគំរាមកំហែងរបស់លោក ក្នុងការដណ្តើមគ្រប់គ្រងលើកោះ Greenland «តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត» ដោយទទូចថា ចំណាត់ការបែបនេះ គឺចាំបាច់សម្រាប់សន្តិសុខពិភពលោក និងជំរុញឲ្យបណ្ដាប្រទេស នៅអឺរ៉ុប កុំរួមគ្នាប្រឆាំងនឹងគ្រោងការរបស់លោក ក្នុងការកាន់កាប់ទឹកដីដ៏ធំទូលាយរបស់ដាណឺម៉ាកនេះ។
មេដឹកនាំអាល្លឺម៉ង់ និងបារាំង បានថ្កោលទោសថា ជា «ការសម្លុតកំហែង» សម្រាប់ការគំរាមចុងសប្តាហ៍របស់លោក Trump ក្នុងការប្រើប្រាស់នយោបាយពន្ធលើប្រទេសដែលប្រឆាំងនឹងផែនការរបស់លោក ដើម្បីទទួលបានកោះអាក់ទិក ដោយលើកឡើងថា អឺរ៉ុបកំពុងរៀបចំវិធានការតបតពាណិជ្ជកម្ម។
លោកស្រី Callamard បានជំរុញឲ្យរដ្ឋាភិបាលទាំងនោះ បង្ហាញ «ភាពក្លាហាន» បន្ថែមទៀត និង «ហ៊ាននិយាយថា ទេ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «ឈប់គិតថា អ្នកអាចធ្វើកិច្ចព្រមព្រៀងជាមួយក្រុមអ្នកសម្លុតកំហែង ឈប់គិតថា អ្នកអាចព្រមព្រៀងតាមច្បាប់របស់ក្រុមអ្នកទាញយកផលប្រយោជន៍ពីអ្នកដទៃ ហើយនឹងមិនក្លាយជាជនរងគ្រោះរបស់ពួកគេនោះ»។
ប្រមុខអង្គការលើកលែងទោសអន្តរជាតិរូបនេះ បានគូសបញ្ជាក់ទៀតថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមកាន់កាប់ដែនដី Greenland គឺគ្រាន់តែជាការចង្អុលបង្ហាញចុងក្រោយបំផុត ដែលសឲ្យឃើញថា ពិភពលោកកំពុងប្រឈមនឹង «ការបំផ្លាញសណ្តាប់ធ្នាប់ផ្អែកលើច្បាប់»៕

