រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) នេះថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ដែលមានសមាជិក ១១ប្រទេស នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ការបោះឆ្នោត ៣ដំណាក់កាលដែលកំពុងដំណើរការរបស់សហមីយ៉ាន់ម៉ា ពោលគឺជាព្រឹត្តិការណ៍ដែលរៀបចំដោយយោធា ហើយហេតុដូច្នេះ នឹងមិនគាំទ្រការបោះឆ្នោតនេះទេ។
ការបោះឆ្នោតដែលបានចាប់ផ្តើមនៅក្នុងខែធ្នូឆ្នាំមុន ត្រូវបានអង្គការសហប្រជាជាតិ ប្រទេសលោកខាងលិចជាច្រើន និងក្រុមសិទ្ធិមនុស្សរិះគន់ថា គ្រាន់តែជាការរៀបចំមួយ ដើម្បីធ្វើឲ្យការគ្រប់គ្រងរបស់យោធាស្របច្បាប់ តាមរយៈអ្នកនយោបាយតំណាងប៉ុណ្ណោះ ជាការចោទប្រកាន់ដែលរបបយោធាបានបដិសេធ។

ជាមួយនឹងចំនួនអ្នកចេញទៅបោះឆ្នោតទាប អ្នកបោះឆ្នោត បានទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងការបោះឆ្នោតដំណាក់កាលទី២ នាដើមខែនេះ ដោយគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ដែលមានសម្ព័ន្ធមិត្តជាមួយយោធា នាំមុខគេ បន្ទាប់ពីឈ្នះបាន ៨៨ភាគរយនៃអាសនៈសភាជាន់ទាបដែលបានប្រកួតប្រជែង ក្នុងដំណាក់កាលទី១។
អំឡុងពេលនិយាយនៅក្នុងសភា លោករដ្ឋមន្ត្រី Mohamad Hasan បានប្រាប់ថា អាស៊ានបានបដិសេធសំណើពីប្រទេសមីយ៉ាន់ម៉ា ដែលសុំឲ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំ នៅទីក្រុងគូឡាឡាំពួរ កាលពីឆ្នាំមុន តែរដ្ឋសមាជិកមួយចំនួន បានសម្រេចធ្វើដូច្នេះដោយផ្ទាល់ខ្លួន។
ដោយឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាម្នាក់ទៀត អំពីជំហររបស់ម៉ាឡេស៊ី និងអាស៊ាន ជុំវិញដំណើរការបោះឆ្នោតនេះ លោក Mohamad បានអះអាងថា៖ «យើងបាននិយាយថា អាស៊ាន នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅទេ ហើយដោយសារហេតុផលនោះ យើងនឹងមិនទទួលយកការបោះឆ្នោតនេះឡើយ»។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះ គិតចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ក្នុងឆ្នាំ២០២១៕

