ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបណ្តេញឧបនាយករដ្ឋមន្ត្រីរបស់លោក និងបានស្ដីបន្ទោសមន្ត្រី «អសមត្ថភាព» ដែលជាការរិះគន់ធ្ងន់ៗដ៏កម្រ និងជាសាធារណៈ ចំពោះសមាជិកបក្សកុម្មុយនីស្ត នៅឯពិធីបើករោងចក្រដ៏សំខាន់មួយ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី Yang Sung Ho (យ៉ាង ស៊ុងហូ) ត្រូវបានបណ្តេញចេញ អំឡុងពេលមានក្នុងសុន្ទរកថាមួយ ដែលលោក គីម បានរិះគន់ «មន្ត្រីធំជាច្រើនថា គ្មានការទទួលខុសត្រូវ គ្មានការគោរព និងគ្មានសមត្ថភាព»។
តាមសេចក្ដីរាយការណ៍ លោក គីម បាននិយាយថា «សូមសមមិត្តឧបនាយករដ្ឋមន្ត្រី លាលែងពីតំណែងដោយខ្លួនឯង នៅពេលដែលអ្នកអាចធ្វើវាដោយខ្លួនឯងបាន មុនពេលវាយឺតពេល»។
កូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលស្ថិតនៅក្រោមទណ្ឌកម្មជាច្រើន ពាក់ព័ន្ធនឹងកម្មវិធីអាវុធរបស់ខ្លួននោះ បានជួបនឹងការលំបាកជាយូរមកហើយ ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលជិតដួលរលំ និងកង្វះខាតស្បៀងអាហាររ៉ាំរ៉ៃ។
គួរបញ្ជាក់ថា លោក គីម តែងតែស្តីបន្ទោសមន្ត្រីខ្ជិលច្រអូស ដោយចោទប្រកាន់ថា បានគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចមិនបានល្អ ប៉ុន្តែការបណ្ដេញជាសាធារណៈបែបនេះ គឺកម្រកើតមានណាស់៕
