លោក Wang Yiwei សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Renmin បាននិយាយថា ការដាក់បញ្ចូលកោះហ្គ្រីនលែនរបស់សហរដ្ឋអាមេរិកដោយប្រើកម្លាំងយោធា នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្ព័ន្ធភាពអាត្លង់ទិកខាងជើង។

អ្នកវិទ្យាសាស្ត្រនយោបាយរូបនេះ បានប្រាប់សារព័ត៌មានTASSថា៖«ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់បញ្ចូលកោះហ្គ្រីនលែនដោយប្រើកម្លាំងយោធា វានឹងក្លាយជាគ្រោះមហន្តរាយសម្រាប់អង្គការណាតូ ពីព្រោះការវាយប្រហារលើប្រទេសមួយ គឺជាការវាយប្រហារលើប្រទេសទាំងអស់នៃសម្ព័ន្ធភាពយោធានេះ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក នឹងមានកាតព្វកិច្ចការពារកោះនេះពីការវាយប្រហារ។
អ្នកជំនាញរូបនេះ ជឿជាក់ថា ដំណោះស្រាយដែលទំនងបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន គឺការផ្លាស់ប្តូរ កោះហ្គ្រីនលែនទៅជាទឹកដីក្រៅប្រទេសរបស់សហរដ្ឋអាមេរិក ដែលមិនមែនជាសមាជិកនៃអង្គការណាតូ និងមិនមែនជាកម្មវត្ថុនៃអធិបតេយ្យភាពរបស់ដាណឺម៉ាក។
លោកជឿជាក់ថា៖«តាមរបៀបនេះ សហរដ្ឋអាមេរិកនឹងអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយមិនបង្កឲ្យមានជម្លោះផ្ទៃក្នុងនៅក្នុងអង្គការណាតូ»។
លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតអំពីតម្រូវការសម្រាប់កោះហ្គ្រីនលែន ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក។ សូម្បីតែក្នុងអាណត្តិដំបូងរបស់លោក ជាប្រធានាធិបតីក៏ដោយ លោកបានស្នើទិញកោះនេះ ហើយនៅក្នុងខែមីនា ឆ្នាំ ២០២៥ លោកបានបង្ហាញទំនុកចិត្តថា វាអាចត្រូវបានបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួន។ នាយសេនាធិការរងសេតវិមាន លោក Stephen Miller ធ្លាប់បានសួរអំពីសិទ្ធិរបស់ប្រទេសដាណឺម៉ាក ក្នុងការគ្រប់គ្រងកោះនេះ៕
