លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃចន្ទថា អឺរ៉ុបមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសការប្រយុទ្ធជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែមានឧបករណ៍ជាច្រើនដែលអាចប្រើប្រាស់បាន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងប្រ៊ុចសែលជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen និងរដ្ឋមន្ត្រីការបរទេសហ្គ្រីនលែន លោកស្រី Vivian Motzfeldt លោកស្រី Kallas បានសង្កត់ធ្ងន់ថា សន្តិសុខអាក់ទិក គឺជាផលប្រយោជន៍រួមឆ្លងកាត់អាត្លង់ទិក និងជាបញ្ហាដែលអឺរ៉ុបអាចពិភាក្សាជាមួយសហរដ្ឋអាមេរិក។ លោកស្រីបាននិយាយថា៖«ប៉ុន្តែការគំរាមដាក់ពន្ធគយមិនមែនជាមធ្យោបាយ ដើម្បីធ្វើរឿងនេះទេ»។
លោកស្រី Kallas បានបន្ថែមថា៖«អធិបតេយ្យភាពមិនមែនសម្រាប់ពាណិជ្ជកម្មទេ» ដោយបញ្ជាក់ជាថ្មីថា អឺរ៉ុប «មិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសការប្រយុទ្ធទេ» ប៉ុន្តែនឹងរក្សាជំហរនិងមាន«ឧបករណ៍ជាច្រើន» ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Olof Gill បាននិយាយថា មេដឹកនាំនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំកំពូលបន្ទាន់មួយ នៅទីក្រុងប្រ៊ុចសែលនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិកទាក់ទងនឹងកោះហ្គ្រីនលែន និងវាយតម្លៃវិធានការសងសឹកដែលអាចកើត មាន៕
