ប្រទេសចិន នៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) បានបញ្ជាក់ថា ខ្លួនត្រូវបានស្នើឲ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាការអញ្ជើញដែលទីក្រុងវ៉ាស៊ីនតោន បានពង្រីកដល់រាប់សិបប្រទេស ដោយនេះជាការប៉ុនប៉ងរបស់លោក ក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមសកលមួយ ដែលមានគោលបំណងដោះស្រាយជម្លោះនានា។

ប៉ុន្តែទីក្រុងប៉េកាំង ដែលថ្មីៗនេះបានឈានដល់ការផ្អាកជម្លោះពាណិជ្ជកម្មមិនសូវជារឹងមាំ ជាមួយទីក្រុងវ៉ាស៊ីនតោន បានឈប់និយាយភ្លាមៗថា តើខ្លួននឹងទទួលយក ឬបដិសេធការអញ្ជើញនេះ ឬយ៉ាងណា។ រដ្ឋាភិបាលនានា មកពីជុំវិញពិភពលោក រហូតមកដល់ពេលនេះ បានប្រតិកម្មដោយប្រុងប្រយ័ត្ន ចំពោះការអញ្ជើញរបស់លោក Trump ឲ្យចូលរួមគំនិតផ្តួចផ្តើមនេះ ដែលអ្នកការទូតលើកឡើងថា អាចធ្វើឲ្យអង្គការសហប្រជាជាតិ (UN) ចុះខ្សោយ។
គំនិតផ្តួចផ្តើមនេះ នឹងចាប់ផ្តើមដោយការដោះស្រាយជម្លោះ នៅតំបន់ហ្កាហ្សា ហើយបន្ទាប់មកត្រូវបានពង្រីក ដើម្បីដោះស្រាយស្ថានការណ៍ផ្សេងទៀត។ ក្រុមប្រឹក្សាភិបាលនៃគំនិតផ្តួចផ្តើមនេះ នឹងត្រូវបានធ្វើជាប្រធានអស់មួយជីវិតដោយលោក Trump។ រដ្ឋជាសមាជិក នឹងត្រូវបានកំណត់ត្រឹមអាណត្តិ ៣ឆ្នាំ ប្រសិនបើពួកគេមិនបានបង់ប្រាក់ ១ពាន់លានដុល្លារអាមេរិក ក្នុងសមាជិកនីមួយៗទេនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ភាគីចិនបានទទួលការអញ្ជើញពីសហរដ្ឋអាមេរិក»។ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលត្រូវបានសួរថា តើប្រទេសចិននឹងទទួលយកការអញ្ជើញនេះដែរ ឬយ៉ាងណា៕

