ក្រសួងការបរទេសចិន និយាយនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំង បានស្នើសុំឲ្យអាហ្វហ្គានីស្ថាន បើកការស៊ើបអង្កេតចំពោះហេតុការណ៍ផ្ទុះគ្រាប់ក្នុងភោជនីយដ្ឋានមួយកន្លែងស្ថិតនៅទីក្រុងកាប៊ុល ដែលបានសម្លាប់ជនជាតចិនម្នាក់ និងពលរដ្ឋអាហ្វហ្គានីស្ថាន ៦នាក់ ហើយនិងអំពាវនាវឲ្យពួកគេធានាសុវត្ថិភាពជូនពលរដ្ឋ និងការវិនិយោគរបស់ខ្លួន ។
ក្រុមរដ្ឋអ៊ិស្លាម បានប្រកាសទទួលស្គាល់ការបំផ្ទុះគ្រាប់កាលពីថ្ងៃចន្ទ ដែលបានបំផ្លិចបំផ្លាញភោជនីយដ្ឋានគ្រប់គ្រងដោយជនជាតិចិន នៅក្នុងតំបន់មានការយាមកាមយ៉ាងតឹងរឹង Shahr-e-Naw ស្ថិតក្នុងទីក្រុងកាប៊ុល ដោយពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ផ្ទុះនេះ ត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់គត់ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយថា ជនជាតិចិន ៥នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួស ហើយទីក្រុងប៉េកាំង សូមជំរុញឲ្យក្រុមអាជ្ញាធរអាហ្វហ្គានីស្ថាន ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្រ្ត និងធានាសន្តិសុខជូនជនជាតិចិន និងគម្រោងរបស់ចិន ។

ទីភ្នាក់ងារព័ត៌មាន Amaq រាយការណ៍ថា ក្រុមប្រដាប់អាវុធក្នុងស្រុករដ្ឋអ៊ិស្លាម ដាក់ជនជាតិចិនក្នុងបញ្ជីគោលដៅវាយប្រហាររបស់ពួកគេ ដោយពួកគេលើកឡើងពីឧក្រិដ្ឋកម្មកើនឡើងដោយរដ្ឋាភិបាលចិនលើជនជាតិភាគតិចអ៊ូយហ្គួរ ។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបំពានជាសកលលើជនជាតិភាគតិចអ៊ូយហ្គួរ ដែលជាជនជាតិភាគតិចមូស្លីមដ៏សំខាន់មួយមានពលរដ្ឋប្រហែល ១០លាននាក់ រស់នៅតំបន់ Xinjiang ស្ថិតនៅភាគខាងលិចប្រទេសចិន ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំង ច្រានចោលទាំងស្រុង រាល់ការបំពានណាមួយ ហើយនិងចោទប្រកាន់បណ្តាប្រទេសលោកខាងលិចពីការជ្រៀតជ្រែក និងការភូតកុហក ៕
