ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ បានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះការកើនឡើងការចំណាយ ស្របពេលភ័ស្តុតាងនៃភាពរំជើបរំជួលកាលពីពេលថ្មីៗនៅបន្តមានក្នុងទីលានចតុរង្គ Enghelab ។
រថយន្តរងការឆាបឆេះ និងអគាររងការបំផ្លិចបំផ្លាញ រួមទាំងធានាគារ និងការិយាល័យពន្ធដារ បានតម្រៀបជាជួរនៅតំបន់នោះ ក្រោយរយៈពេលច្រើនថ្ងៃនៃបាតុកម្មសម្លាប់មនុស្សរាប់ពាន់នាក់ ។
លោក Keyhan Gholami គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា រដ្ឋាភិបាលអ៊ីរ៉ង់ គួរបង្កើតចន្លោះសម្រាប់ឲ្យពលរដ្ឋបង្ហាញក្តីកង្វល់ដោយស្ងៀមស្ងាត់របស់ពួកគេ ហើយនិងស្តាប់អ្វីដែលពលរដ្ឋនិយាយ ។
លោក Mehdi Yazdi គឺជាពលរដ្ឋមួយរូបទៀតនិយាយថា ពួកយើងគួរតែមានសេរីភាពនៃការបញ្ចេញមតិ ដើម្បីឲ្យពួកយើងអាចបង្ហាញការតវ៉ារបស់ពួកយើងនៅកន្លែងណាមួយ ខណៈដែលរូបលោកបានថ្កោលទោសអំពើហិង្សានៅក្នុងបាតុកម្មកាលពីពេលថ្មីៗនេះ ។

ក្រុមអាជ្ញាធរ និងការបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គមបង្ហាញថា ដងផ្លូវភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ មានសភាពស្ងៀមស្ងាត់ អស់រយៈពេល ១សប្តាហ៍មកហើយ ចាប់តាំងពីបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមឡើងកាលពីចុងខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានបង្រ្កាបយ៉ាងចាស់ដៃ នៅក្នុងអំពើហិង្សាទ្រង់ទ្រាយធំរយៈពេល ៣ថ្ងៃ ។
មន្រ្តីអ៊ីរ៉ង់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សស្លាប់ដែលត្រូវបានបញ្ជាក់មានចំនួនជាង ៥ពាន់នាក់ រួមទាំងសមាជិកកងកម្លាំងសន្តិសុខ ៥០០នាក់ ពេលដែលភាពរំជើបរំជួលមួយចំនួន បានកើតឡើងនៅតាមតំបន់ជនជាតិភាគតិចឃើដ ស្ថិតនៅភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ។
ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅលោកខាងលិច និយាយផងដែរថា មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ នៅក្នុងបាតុកម្មមួយនេះ ៕
