គុនខ្មែរ៖ ការប្រកួតប្រដាល់គុនខ្មែរ Wurkz សង្វៀនគុនខ្មែរដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំង Wurkz ចុងសប្តាហ៍នេះនឹងមានការប្រកួតវាយរុំអំបោះឆៅលើកដំបូង។ ជារៀងរាល់សប្តាហ៍កន្លងមក Wurkz សង្វៀនគុនខ្មែរតែងតែមានការប្រកួតចំនួន ៣គូដែលសុទ្ធសឹងជាគូពិសេសលំដាប់ប្រទេសពីរគូដំបូង និងមួយគូចុងក្រោយជាការប្រកួតសន្សំប្រាក់លាន។
សប្តាហ៍នេះកីឡាករពីរគូរួមមាន ធន់ ក្របី ដែលជាកូនសិស្សរបស់លោក ធន់ សុភា នឹងជួបជាមួយ សាន សំអុន មកពីក្លិបប្រដាល់អរុណរះកីឡាខេត្តកណ្តាលក្នុងប្រភេទទំងន់ ៥៧គីឡូក្រាម និង អេ ណារ័ត្ន ដែលជាកូនសិស្សលោក អេ ភូថង ជួបជាមួយ ថាន់ ប៊ុនរ៉ុង កូនសិស្សលោក ធន់ សុភា ក្នុងប្រភេទទំងន់ ៦០គីឡូក្រាមដោយពីរគូនេះនឹងជាការប្រកួតវាយរុំអំបោះឆៅ។ ក្រៅពីគូរុំអំបោះឆៅខាងលើ គូចុងក្រោយកាន់តែពិសេសទៀតនោះគឺ ម៉ាលី អូប៉ កីឡាករដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រគុនខ្មែរនឹងឡើងប្រកួតជុំទី៥ របស់ខ្លួនក្នុងការសន្សំប្រាក់លាន ដោយនឹងត្រូវជួបជាមួយកីឡាករ សេក សារ៉ាន់ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម។ Wurkz សង្វៀនគុនខ្មែរមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង ៦ល្ងាចតទៅលើកញ្ចក់ទូរទស្សន៍បាយ័ន និងមានផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់គុនខ្មែរទូរទស្សន៍បាយ័នផងដែរគឺ Bayon & BTV Boxing៕
អត្ថបទ៖នាង សុភាវុធ