ទឹកជំនន់ដ៏ធំដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួន នៅប្រទេសម៉ូហ្សំប៊ិក និងបានធ្វើឲ្យអ្នកខ្លះជាប់នៅលើដំបូលផ្ទះ ខណៈដែលទឹកឡើងខ្លាំងទៅៗ កំពុងហូរចូលទៅក្នុងលំនៅឋាន។ នេះបើយោងតាមបុគ្គលិកជំនួយ និងសាក្សីដែលបាននិយាយឲ្យដឹងកាលពីថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦)។
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសមាគមអឌ្ឍចន្ទក្រហម (IFRC) ដែលកំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បានឲ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដោយផ្ទាល់ដល់មនុស្សជាង ៦២០.០០០នាក់ ដោយផ្ទះជាង ៧២.០០០ខ្នង ត្រូវបានជន់លិច និងបង្កឲ្យមានការខូចខាតយ៉ាងធំធេងដល់ផ្លូវថ្នល់ ស្ពាន និងមណ្ឌលសុខភាព។

អ្នកគ្រប់គ្រងកម្មវិធី និងប្រតិបត្តិការ IFRC លោកស្រី Rachel Fowler បានប្រាប់សារព័ត៌មាន Reuters ពីរដ្ឋធានី Maputo ថា៖ «គេនៅតែរំពឹងថា ភ្លៀងនឹងធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខ ហើយទំនប់ទឹកពេញអស់ហើយ។ ដូច្នេះស្ថានភាពអាចកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យមនុស្សបន្ថែមទៀតប្រឈមនឹងហានិភ័យ»។
លោកស្រី Fowler បានបន្ថែមថា អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានប្រើប្រាស់ទូកនេសាទតូចៗ ដើម្បីចូលទៅដល់អ្នកនៅរស់រានមានជីវិត ប៉ុន្តែការធ្វើដំណើរទៅកាន់តែពិបាកឡើងៗ។ ប្រទេសជិតខាងអាហ្វ្រិកខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រកងទ័ពអាកាស ដើម្បីជាជំនួយដល់ការជួយសង្គ្រោះ៕
