នៅថ្ងៃអង្គារនេះ អ៊ីស្រាអែលបានកម្ទេចសំណង់អគារនៅក្នុងបរិវេណទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UN)ស្ថិតនៅតំបន់ East Jerusalem ក្រោយរឹបអូសបានទីតាំងមួយនេះ កាលពីខែមុន នៅក្នុងទង្វើមួយត្រូវបានទីភ្នាក់ងារមួយនេះ ចាត់ទុកថាបានបំពានលើច្បាប់អន្តរជាតិ ។

ឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល គ្រឿងចក្រ បានរុញកម្ទេចអគារធំៗជាច្រើនខ្នង និងសំណង់អគារតូចៗជាច្រើនខ្នងទៀត នៅក្នុងបរិវេណរបស់ទីភ្នាក់ងារការងារសង្រ្គោះអង្គការសហប្រជាជាតិ(UNRWA) ជាទីដែលបុគ្គលិករាប់សិបនាក់របស់ទីភ្នាក់ងារមួយនេះ ធ្លាប់ធ្វើការ ។
ទីភ្នាក់ងារ UNRWA ដែលត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា លំអៀងនោះ ពុំធ្លាប់ដែលប្រើប្រាស់អគារនេះឡើយ ចាប់តាំងពីដើមឆ្នាំ ២០២៦រហូតមក ក្រោយអ៊ីស្រាអែលបញ្ជាឲ្យប្តូរទីតាំងរបស់ពួកគេ និងបញ្ឈប់ប្រតិបត្តិការ ។
អតីតបុគ្គលិកមួយចំនួនរបស់ UNRWA និយាយថា សំណង់អគារដែលត្រូវបានកម្ទេចនៅថ្ងៃអង្គារនេះ ធ្លាប់ប្រើប្រាស់ជាកន្លែងស្តុកជំនួយ សម្រាប់តំបន់វ៉េសប៊ែង និងតំបន់ហ្កាហ្សា ។
សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២៤កន្លងទៅ សភាអ៊ីស្រាអែល បានអនុម័តច្បាប់ហាមប្រាមទីភ្នាក់ងារមួយនេះ ពីប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល និងហាមឃាត់ក្រុមមន្រ្តីពីការប្រាស្រ័យទាក់ទងជាមួយពួកគេ ៕
