រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីពុំមើលឃើញហេតុផលណាមួយ ត្រូវបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់នោះទេ ហើយពួកយើងនឹងបន្តធ្វើបែបនេះ នៅពេលណាដែលពួកយើងយល់ឃើញថា វាត្រឹមត្រូវ បើទោះបីជាមានការគំរាមកំហែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ កន្លងទៅថា ប្រទេសណាមួយដែលធ្វើធុរកិច្ចជាមួយអ៊ីរ៉ង់ នឹងប្រឈមការដំឡើងពន្ធ ២៥ភាគរយ រាល់ការធ្វើពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ។

នៅពេលសួរដោយអ្នកសារព័ត៌មានអ៊ីរ៉ង់ពីការគំរាមកំហែងទារពន្ធចុងក្រោយរបស់លោក Trumpលើដៃគូពាណិជ្ជកម្មអ៊ីរ៉ង់ លោក Lavrov និយាយថា ពួកយើងធ្វើពាណិជ្ជកម្មជាមួយអ្នក មិនមែនសហរដ្ឋអាមេរិកនោះទេ ។
លោកថា វាគឺជាអ្នក និងពួកយើង ។ ពាណិជ្ជកម្មរបស់ពួកយើងនឹងអភិវឌ្ឍតាមវិធីដែលពួកយើងសម្រេចចិត្តធ្វើ ។ ពួកយើងមានផែនការល្អ ជាមួយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ មិនត្រឹមតែពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគផងដែរ ។
លោក Lavrov និយាយទៀតថា ពួកយើងនឹងធ្វើការលើផ្នែកសំខាន់បំផុតនៃច្រករបៀងដឹកជញ្ជូនអន្តរជាតិភាគខាងជើង-ភាគខាងត្បូង ដែលតភ្ជាប់រុស្ស៊ី អាសែបៃហ្សង់ និងអ៊ីរ៉ង់ ៕
