រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងជាក់លាក់ណាមួយឡើយ ពាក់ព័ន្ធនឹងការផុតកំណត់ដែលជិតមកដល់នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START។
សន្ធិសញ្ញា ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធចុងក្រោយ រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន កំណត់កម្រិតចំនួននៃការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំង២ របស់ពិភពលោក អាចមាន និងដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឲ្យគោរពតាមលក្ខខណ្ឌនៃសន្ធិសញ្ញានេះដោយស្ម័គ្រចិត្តរយៈពេល ១ឆ្នាំ បន្ទាប់ពីវាផុតកំណត់ ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រម។ ប៉ុន្តែទីក្រុងមូស្គូ បញ្ជាក់ថា ខ្លួនមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយឡើយ ចំពោះសំណើរបស់លោក Putin នេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា លោកចង់ឲ្យប្រទេសចិនក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងជំនួសណាមួយ ជាអ្វីដែលទីក្រុងប៉េកាំងតែងតែបានបដិសេធ។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមូស្គូ លោក Lavrov បានប្រាប់ឲ្យដឹងថា រុស្ស៊ីយល់ពីជំហររបស់ចិន ដោយសារតែទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងតូចជាងរបស់រុស្ស៊ី៕